ទោះជាកំណត់ហេតុខាងក្រោមនេះ មានលក្ខណៈមិនពេញលេញក្តី ក៏ប៉ុន្តែ នេះជាលើកដំបូងហើយ ដែលមានការសិក្សាអំពីរូបិយវត្ថុនាសម័យហ្វូ-ណន។ សូមរំលឹកថា ហ្វូ-ណន គឺជាឈ្មោះចិន ហៅថាព្រះរាជាណាចក្រខ្មែរដំបូងបង្អស់។ ការប្រៀបធៀបកាក់មួយចំនួន ដែលគេបានរកឃើញនៅអង្គរបុរី និងអូរកែវទៅនឹងកាក់នៅប្រទេសថៃបច្ចុប្បន្ន បង្ហាញឲ្យឃើញថា ការដែលអ្នកស្រាវជ្រាវថៃមួយចំនួនបានចាត់ទុកថា កាក់ទាំងនោះគឺជារបស់មន គឺជាការមិនសមហេតុផលឡើយ។
ដូច្នេះ អ្នកស្រាវជ្រាវអាចយកលទ្ធផលនៃកំណត់ហេតុនេះ ដើម្បីធ្វើជាចំណុចជំនួយក្នុងការពិចារណាទាក់ទងទៅនិងរូបិយវត្ថុ នាសម័យនគរភ្នំ។ ព្រោះថា វាជាការខ្វែងគំនិតគ្នារវាងរូបយើង និងអ្នកស្រាវជ្រាវបរទេសមួយចំនួនផងដែរ។
សេចក្តីផ្តើម :
ជាទូទៅ កាលណានិយាយពីរូបីយវត្ថុនាសម័យបុរាណ គេច្រើនគិតដល់ជនជាតិមន នៃនគរទ្វារវតី ដែលមានទីតាំងនៅម្តុំនគរបឋម ប្រទេសថៃបច្ចុប្បន្នតែប៉ុណ្ណោះ។ តាមពិតទៅ មិនមែនជនជាតិមនទេ ដែលរួមឈាមជ័រជាមួយខ្មែរទាំងជាតិពិន្ធុ និងទាំងភាសា (មន-ខ្មែរ) បាននិយមកាក់ប្រាក់មុនគេបង្អស់នោះ។ បើយើងពិនិត្យប្រភេទនៃរូបីយវត្ថុ និងសញ្ញានិមិត្តទាំងនោះ ដែលឆ្លាក់ពីលើទាំងខាងផ្ងា និងផ្កាប់ឲ្យបានល្អិតល្អន់បន្តិច យើងនឹងឃើញថា ជនជាតិខ្មែរបានចេះនិយមកាក់ប្រាក់ តាមលំនាំនៃប្រទេសឥណ្ឌា ជាច្រើនសតវត្សរ៍មុនជនជាតិមន ដែលរដ្ឋទើបតែបដិសន្ធិឡើង នៅពាក់កណ្តាលស.វទី៦នៃគ.ស ក្រោយពីអោនភាពនៃហ្វូ-ណន ឬនគរភ្នំ។
កំណត់ហេតុនេះពាក់ព័ន្ធទៅនឹងរូបីយវត្ថុខ្មែរនាសម័យបុរេអង្គរនៃវប្បធម៌ហ្វូ-ណន ចែកចេញជាបីចំណុចសំខាន់។ ចំណុចទី១ យើងនឹងលើកលទ្ធផលនៃការស្រាវជ្រាវខាងបុរាណវិទ្យាមួយចំនួនមកបង្ហាញ ដែលត្រូវបានគេរកឃើញនៅថៃ។ ជាពិសេសទិន្នន័យកាក់ប្រាក់ជារូបភាពរបស់លោក ឆអាម កែវគ្រៃ។ ចំណុចទី២ គឺការសិក្សាប្រៀបធៀបត្រួសៗ កាក់ទាំងនោះទៅនឹងកាក់មួយចំនួនបានមកពីនៅស្ថានីយអង្គរបុរី និងអូរកែវ អតីតកំពង់ផែសមុទ្ររបស់ហ្វូ-ណន ឬនគរភ្នំ។ ការប្រៀបធៀបនេះ គឺដើម្បីឲ្យដឹងថា តើកាក់ទាំងនោះ មានចំណាស់ចាស់ជាងស.វទី៦ ដែរឬទេ ដូចដែលគេរមែងតែបានប៉ាន់ស្មានដោយភ័ន្តច្រឡំ?។ ចំណុចចុងក្រោយ ដែលជាចំណុចទី៣ គឺការបញ្ជាក់ឲ្យដឹងថា កាក់ប្រាក់ទាំងនោះ ដោយកត្តាភូមិសាស្ត្រជាប្រវត្តិសាស្ត្ររបស់ជនជាតិខ្មែរ គឺជាកេរ្តិ៍មរតកវប្បធម៌របស់បុព្វបុរសខ្មែរយ៉ាងប្រាកដ ទោះបីជាមិនស្ថិតក្នុងបង្គោលខណ្ឌសីមានៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្នក៏ដោយ។
១- ទិន្នន័យខាងបុរាណវិទ្យា :
តាមទស្សនៈរបស់លោកសាស្ត្រាចារ្យ ឆអាម កែវគ្រៃ (Cf. The Silpakorn Journal, Vol. 34, No.2, 1991, pp. 79-85) អ្នកសិលាចារឹកវិទូថៃដ៏សំខាន់មួយរូប រូបីយវត្ថុបុរាណដែលគេបានជួបប្រទះក្នុងព្រះរាជាណាចក្រថៃបច្ចុប្បន្ន ហើយដែលត្រូវបានរូបលោកយកមកធ្វើអត្ថាធិប្បាយយ៉ាងវែង ហើយក្បោះក្បាយ ត្រូវចែកចេញជា២សម័យកាលធំ។ ពោលគឺ សម័យកាលទី១ ផ្តើមពីស.វទី៦ ដល់ស.វទី៧ និងសម័យកាលទី២ ពីស.វទី៦-៧ ដល់ស.វទី១០ ឬទី១១នៃគ.ស។
លោកក៏បានបញ្ជាក់ទៀតថា កាក់ទាំងនោះភាគច្រើនត្រូវបានរកឃើញនៅតាមស្ថានីយប្រវត្តិសាស្ត្រ និងទីក្រុងបុរាណ ដូចជានៅនគរបឋម និងអ៊ូថង (ខេត្តសុវណ្ណភូមិ), អ៊ូតាបាវ (ខេត្តឆ័យណាត) និងក្នុងស្ថានីយមួយចំនួនទៀតក្នុងខេត្តសិង្ហបុរីជាដើម។ លោកក៏បានកត់បញ្ជាក់ទៀតថា កាក់ទាំងនោះភាគច្រើនត្រូវបានរកឃើញនៅនគរបឋម និងអ៊ូថង។ ព្រោះថា បើពិនិត្យតែទីក្រុងចាស់ទាំងពីរនេះ គេអាចសំគាល់ឃើញអត្រាកាក់មានចំនួនច្រើនជាងទីតាំងផ្សេង។
ទោះបីជាកាលបរិច្ឆេទនៃកាក់ទាំងនោះ ដែលលោកបានផ្សព្វផ្សាយពុំទាន់ត្រឹមត្រូវ ដូចលោកសាស្ត្រាចារ្យបានគិតឡើយ តែមានសារសំខាន់ជាអនេកសម្រាប់យើង។ ហេតុនេះ យើងនឹងសូមភ្ជាប់រូបកាក់ទាំងនោះក្នុងអត្ថបទនេះ ដើម្បីជាព័ត៌មាន។ កាក់ទាំងនោះ ដែលលោកបានវិភាគសិក្សា ទោះជាស្ថិតក្នុងភូមិភាគកណ្តាល ឬខាងត្បូងនៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន សុទ្ធសឹងតែមានរូបនៅសងខាង ជួនកាលម្ខាងមានឆ្លាក់អក្សរ ហើយម្ខាងទៀតមានរូបជាសញ្ញានិមិត្តផ្សេងៗ
ជាទូទៅចារឹកនៅលើកាក់ប្រាក់ទាំងនោះ ជាតួអក្សរបល្លវៈ ជាភាសាសំស្ក្រឹត មានជាអាថ៌ ’ស្រីទ្វារវតី ស្វរបុណ្យ” ដែលជាព្រះនាមរបស់មហាក្សត្រមន និង ស្រីសុចរិតក្រន្ត ដែលយើងពុំស្គាល់អត្តសញ្ញាណពុំច្បាស់នៅឡើយ។ កាក់ដែលមានព្រះនាមស្តេចមន ស្រីទ្វារវតី មានចំនួនច្រើន រីឯកាក់ដែលមានចារព្រះនាមស្រីសុចរិតក្រន្តនោះ មានតែមួយទេ។ ចំពោះសញ្ញានិមិត្តទាំងអម្បាលដែលនៅលើកាក់សុទ្ធសឹងជារូបគោនន្ទិន, មេគោ និងកូនគោ, ស្រីវត្យ, ព្រះអាទិត្យរះ, ធម្មចក្រ, ថូរទឹកប៌ូណកលសៈ និងខ្យងស័ង្ខជាដើម។
តាមទស្សនៈរបស់លោក ឆអាម កែវគ្រៃ ក៏ដូចជាអ្នកនិពន្ធថៃមួយចំនួនធំឯទៀត កាក់ទាំងឡាយដែលគេបានរកឃើញនៅក្នុងប្រទេសថៃបច្ចុប្បន្ន នៅតាមបណ្តាខេត្តនានា ដូចជាខេត្តនគរបឋម សុផាន់បុរី សិង្ហបុរី និងឆ័យនាតជាដើម សុទ្ធសឹងតែជារបស់នាសម័យទ្វារវតីពោលគឺ ពីស.វទី៦ ដល់ស.វទី ១០ ឬទី១១ ហាក់បីកាក់ទាំងនោះស្ថិតក្នុងសម័យកាលតែមួយ។ ដូចនេះហើយតម្រូវឲ្យមានការតាំងកាលបរិច្ឆេទឡើងវិញ ដើម្បីជៀសវាងនូវភាពច្របូកច្របល់ផ្នែកប្រវត្តិសាស្ត្រ។
ក្នុងករណីនេះ យើងសូមលើកយករូបភាពនៃកាក់ទាំងពីរប្រភេទនោះមកបង្ហាញដូចខាងក្រោម :
ក- កាក់មកពីនគនបឋម, ឆ័យណាត និងសុផាន់បុរី ពីស.វទី៦ ដល់ទី១០ ឬ ១១នៃគ.ស
ទន្ទឹមនឹងនេះ ថ្មីៗនេះ មានអ្នកស្រាវជ្រាវថៃក៏បានបញ្ជាក់អំពីប្រភពហ្វូ-ណននៃកាក់ទាំងនោះ ដែលគេបានរកឃើញនៅទីក្រុងអ៊ូថង ក៏ប៉ុន្តែជាការសោកស្តាយបំផុត កាលបរិច្ឆេទនៃកាក់នោះក៏នៅតែពុំបានកំណត់ឲ្យបានច្បាស់លាស់ដដែល។ (Cf. ព្រឹត្តបត្រ សិល្បៈ និងវប្បធម៌, ’តើអាណាចក្រសុវណ្ណភូមិមានពិតទេឬ?”)
ក្រៅពីនេះ ការស្រាវជ្រាវរបស់យើងក៏បានដឹងទៀតថា កាក់មួយចំនួនដែលមានរូបព្រះអាទិត្យ និងស្រីវត្ស ក៏ត្រូវបានជួបប្រទះនៅខេត្តនគរស្រីធម្មរាជ និងថ្មីៗនេះនៅខេត្តសុខោទ័យ (Cf. Guide to Sokhothai)។ នេះបង្ហាញឲ្យយើងឃើញនូវវិសាលភាពរបស់ទឹកដីរបស់ហ្វូ-ណន នាសម័យរុងរឿង ថ្កើងថ្កាន។
តើការតាំងកាលបរិច្ឆេទនៃរូបីយវត្ថុទាំងនោះរបស់លោក ឆអាម ក្រៃកែវ ស្របតាមមតិរបស់អ្នកស្រាវជ្រាវបារាំងខ្មែរ និងវៀតណាម ឬក៏អ្នកស្រាវជ្រាវថៃមួយចំនួនទៀតដែរឬទេ?
ដូចពោលខាងលើ តាមមតិរបស់លោក ឆអាម កែវគ្រៃ ដែលជាអ្នកជំនាញខាងសិលាចារឹកសាស្ត្រថៃ កាក់ទាំងឡាយដែលមានរូបព្រះអាទិត្យ (រះ និង លិច) និងសញ្ញានិមិត្តស្រីវត្ស គឺស្ថិតក្នុងសម័យអន្តរកាលរវាងស.វទី៦ និងទី៧នៃគ.ស។ រីឯកាក់ដែលមានរូបព្រះគោ និងកូនគោ ព្រមទាំងព្រះនាមស្តេចមន ស្រីទ្វារវតី ស្វរបុណ្យ សរសេរជាភាសាសំស្ក្រឹត ខរោស្ថី ក៏មានអាយុកាលប្រហាក់ប្រហែលដែរ។ ពោលគឺ ត្រូវបានផលិតឡើងរវាងស.វទី៦ និងទី៧។
ខាងលើនេះ គឺជាទស្សនរបស់លោកសាស្ត្រាចារ្យខាងលើ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងក្លាលើអ្នកប្រវត្តិវិទូថៃ និងបរទេសមួយចំនួន។ តែយើងអាចយល់ថា ទស្សនរបស់លោកក្នុងបរិបទភូមិសាស្ត្រ និងវប្បធម៌បុរាណមិនត្រឹមត្រូវទាំងស្រុងទេ សម្រាប់សរសេរប្រវត្តិសាស្ត្រដោយហេតុថា វាគ្រាន់តែជាអត្ថបទស្រាវជ្រាវមួយតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ចំពោះលោក ឆអាម កែវគ្រៃ កាក់ទាំងនេះសុទ្ធសឹងតែជាកាក់របស់មនទាំងអស់។
២- ការបកស្រាយតាមបរិបទភូមិសាស្ត្រជាប្រវត្តិសាស្ត្រ :
ដោយយល់ឃើញថា បញ្ហានេះមានសារសំខាន់ណាស់ក្នុងវិស័យបុរាណវិទ្យា ដោយហេតុថា នៅក្នុងអតីតទឹកដីហ្វូ-ណន ដែលមានទឹកដីដ៏ធំមហាសាល គេក៏បានជួបប្រភេទកាក់ដូចគ្នា ជាពិសេសនៅក្នុងដែនដីសណ្តនៃទន្លេមេគង្គ បច្ចុប្បន្នប្រទេសវៀតណាមខាងត្បូង និងនៅក្នុងប្រទេសខ្មែរសព្វថ្ងៃ ដូចជានៅអង្គរបុរី និងអូរកែវ តែគេបានចាត់ទុកថា ជារបស់ខ្មែរនាសម័យហ្វូ-ណនទៅវិញ។ ហេតុដូច្នេះ ដោយគប្បីតែតម្រូវកាលបរិច្ឆេទឡើងវិញ។
ក្នុងចំណោមអ្នកស្រាវជ្រាវបារាំង ដែលបានសិក្សាអំពីរូបីយវត្ថុបុរាណ នៅក្នុងព្រះរាជាណាចក្រថៃបច្ចុប្បន្ន លោក ពីយ៉ែរ ឌុយប៉ុង គឺជាអ្នកដែលបានចាត់ទុកថា កាក់ទាំងនោះពុំមែនសុទ្ធសឹងស្ថិតក្នុងសម័យកាលតែមួយនោះទេ ហើយភាគច្រើនគឺសម្មិទ្ធផលរបស់ហ្វូ-ណន មុនការបង្កើតរដ្ឋមន ឡើងនាចុងស.វទី៦ ដើមស.វទី៧នៃគ.ស ពោលគឺរវាងស.វទី៣ និងទី៤ នៃគ.ស។ (Cf. P. Dupont, Lìarch–ologie m¥n de Dvaravati, PEFEO)។
យើងបានចាត់ការតាំងបរិច្ឆេទនៃការលេចធ្លោឡើងនៃរដ្ឋមន នៅលើទឹកដីហ្វូ-ណន ឬនគរភ្នំ គឺជាការណ៍មួយមិនអាចប្រែប្រួលបានឡើយ ក្នុងការសរសេរប្រវត្តិសាស្ត្រនៃភូមិភាគអាស៊ីអាគ្នេយ៍យើងនេះ តែជាអកុសលលទ្ធផលនៃការស្រាវជ្រាវដោយពឹងផ្អែកទាំងស្រុង លើការធ្វើកំណាយតាមវិធីសាស្ត្រពុំត្រូវបានផ្សព្វផ្សាយឲ្យបានទូលំទូលាយទេ។ ហើយការណ៍នេះ បានធ្វើឲ្យមានភាពច្របូកច្របល់ក្នុងខេមរវិទ្យាបច្ចុប្បន្ន ជាពិសេសពីសំណាក់អ្នកបុរាណវិទូថៃ។
សូមជម្រាបថា ក្នុងការស្រាវជ្រាវរបស់លោក លូអ៊ី ម៉ាល្លើរេ (Cf. L.Malleret, 1963, Lìarch–ologie du Delta du M–kong, PEFEO) នៅម្តុំដែនដីសណ្តនៃដងទន្លេមេគង្គ ក៏មានការចែងអំពីចំណាស់នៃកាក់ទាំងនោះដែរ ដែលលោកថែមទាំងមានការសិក្សាប្រៀបធៀបទៅនឹងកាក់របស់ភូមាផង។ ចំពោះលោកបុរាណវិទូនេះ កាក់មានរូបព្រះអាទិត្យរះ និងសញ្ញានិមិត្តស្រីវត្ស ត្រូវបានផលិតឡើងរវាងស.វទី៣ និងទី៥-៦។
ទាក់ទិនទៅនឹងកាក់បុរាណ នាសម័យហ្វូ-ណនទាំងនោះ លោកភិរិយា ក្រៃរិក្ស អ្នកប្រវត្តិសិល្បៈវិទូថៃ ក៏បានឯកភាពលើការកំណត់អាយុកាលរបស់កាក់ប្រាក់ទាំងនោះដែរ ដែលគេបានជួបក្នុងទឹកដីនៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ដែលលោកបានចាត់ទុកថា ជារបស់ចក្រភពហ្វូ-ណន។ ដូចក្នុងសៀវភៅរបស់លោកឈ្មោះ ’ប្រវត្តិសិល្បៈ និងបុរាណវិទ្យាប្រទេសថៃ, បាងកក, ឆ្នាំ ១៩៩០។
សូមជម្រាបថា ក្នុងរង្វង់អ្នកស្រាវជ្រាវថៃខាងលើ លោក ភរិយា ក្រៃរិក្ស ដែលមានចំណាប់អារម្មណ៍ នឹងសិក្សាយ៉ាងជ្រៅជ្រះជាងគេ អ្នកស្រាវជ្រាវទាំងប៉ុន្មានខាងលើ។ បើនិយាយម្យ៉ាងទៀត ចំណេះចេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងកាក់សម័យហ្វូ-ណន ដែលជាលទ្ធផលនៃការវិភាគសិក្សាប្រៀបធៀបរបស់លោក បានរួមវិភាគទានមួយយ៉ាងសំខាន់សម្រាប់រូបយើងក្នុងការស្វែងយល់អំពីរូបីយវត្ថុហ្វូ-ណន ឬនគរភ្នំ។
ជារួមពីការពិនិត្យផ្ទៀងផ្ទាត់យ៉ាងល្អិតល្អន់នៃប្រភេទកាក់ក្នុងប្រទេសថៃបច្ចុប្បន្ន ជាពិសេសនៅភូមិភាគខាងត្បូងនៃប្រទេសនេះ យើងបានចែករូបីយវត្ថុទាំងនោះជាច្រើនសម័យកាល ដោយផ្អែកលើទស្សនៈខាងប្រវត្តិសាស្ត្របុរាណជាងប្រវត្តិសាស្ត្រទំនើបបច្ចុប្បន្ន។ ក៏ប៉ុន្តែនៅទីនេះ យើងគ្រាន់តែលើកករណីកាក់ពីស.វទី២ ដល់ស.វទី៦ មកអធិប្បាយតែប៉ុណ្ណោះ។
៣- ការសិក្សាប្រៀបធៀប
ដោយផ្អែកទៅលើការសិក្សាប្រៀបធៀបកាក់បុរាណទាំងនោះទៅនឹងកាក់ដែលគេបានជួបប្រទះពីមុននៅក្នុងដែនដីសណ្តរកម្ពុជាក្រោម និងនៅអង្គរបុរីបច្ចុប្បន្ន និងថ្មីៗនេះនៅក្បែរវត្តកំពង់ហ្លួង ឧត្តុង្គ ដោយរូបភាព និងការពិនិត្យជាក់ស្តែងផ្ទាល់ យើងអាចតាំងកាលបរិច្ឆេទថ្មីឡើងវិញ ដោយសំដៅទៅរកភាពច្បាស់លាស់ត្រឹមត្រូវឡើងវិញ ដែលគេបានបង្ខូចពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដើម្បីឲ្យប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ។
អាស្រ័យដោយការសិក្សាស្រាវជ្រាវមានរយៈពេលជាង ២៥ឆ្នាំ ព្រមទាំងការតាមដានលទ្ធផលនៃកំណាយតាមវិធីសាស្ត្រ ទើបយើងសម្រេចបានការកំណត់អាយុកាលយ៉ាងពិតប្រាកដនៃរូបិយវត្ថុទាំងនោះ។ ដូចលោក ឌុយប៉ុង និងលោក ប័រស៊ឺលីយេ កាក់នៅប្រទេសថៃទាំងឡាយ ត្រូវចែកចេញជាពីរប្រភេទ កាក់នាសម័យបុរេមន ឬសម័យនគរភ្នំ ពីស.វទី២-៦ និង៧ និងសម័យមន ឬសម័យទ្វារវតី (ពិស.វទី៦ ដល់ស.វទី១៣)។
ដូចពោលនៅខាងលើស្រាប់ កាក់រូបព្រះអាទិត្យរះ និងសញ្ញាស្រីវត្ស ដែលត្រូវបានផលិតហើយប្រើប្រាស់ជារូបីយវត្ថុ ហើយដែលគេត្រូវបានរកឃើញនៅតាមស្ថានីយមួយចំនួន នៅអង្គរបុរី, អូរកែវ និង អ៊ូថងជាដើម ពុំអាចដោះស្រាយពន្យល់បានតាមបរិបទវប្បធម៌មនឡើយ្ ការប្រើប្រាស់កាក់ទាំងនោះ ពុំមែនស្ថិតក្នុងសម័យវប្បធម៌មនទេ ក៏ប៉ុន្តែស្ថិតក្នុងបរិបទវប្បធម៌ខ្មែរនាសម័យនគរភ្នំ ហើយត្រូវបានបន្តរហូតដល់សម័យមន នៅលើទឹកដីហ្វូ-ណន។ ដោយហេតុថា ជនជាតិចិនមិនបាននិយាយដល់នគរទ្វារវតីមុនស.វទី៦-៧ឡើយ។ ព័ត៌មានទាំងឡាយដែលបានចារក្នុងកលប្បវត្តចិន ដោយកាំង ថៃ និងយូ ជិន ពាក់ព័ន្ធទៅនឹងហ្វូ-ណនសឹងតែទាំងអស់។ ដូច្នេះហើយបានជាយើងគិតថា ទស្សនៈរបស់លោក ឆអាម កែវគ្រៃ មិនសមហេតុផលទាល់តែសោះ ពោលគឺខុសទាំស្រុង។ មួយវិញទៀត មានលក្ខណៈខ្សត់ខ្សោយមិនពេញលេញ តាមពិតទៅ សុទ្ធសឹងតែគេពុំបានស្គាល់ប្រភពនៃកាក់ទាំងនោះឲ្យច្បាស់លាស់ទេ។ ត្រង់នេះ យើងចង់និយាយថា កាក់ប្រាក់ទាំងនោះពុំត្រូវបានជួបប្រទះតាមរយៈការធ្វើកំណាយតាមវិធីសាស្ត្រនោះទេ ហើយដោយសារតែស្ថិតនៅក្រៅស្រទាប់វប្បធម៌ ទើបការបកស្រាយរបស់លោកនាំមកនូវភាពច្របូកច្រល់ ឬមួយក៏លោកឈរលើមូលដ្ឋានជាតិនិយមជ្រុលពេក។
កាក់នាសម័យវប្បធម៌មន នៅនគរបឋម ពីស.វទី៦ ដល់ស.វទី១០ ក៏ដូចកាក់នៅក្នុងសម័យវប្បធម៌ហ្វូ-ណន ភាគច្រើនម្ខាងមានសញ្ញាបូណ៌កលសៈ (ថូផ្កា) និងម្ខាងទៀតចារពាក្យ ស្រីទ្វារវតីស្វរៈបុណ្យ ដែលមានន័យថា ’‘បុណ្យកុសលរបស់ព្រះមហាក្សត្រទ្វារវតី។ ដោយឡែក ដូចពោលខាងលើជួនកាលមានសញ្ញាធម្មចក្រ និងចារឹកសំស្ក្រឹតស្រីសុចរិតក្រាម ឬក៏លវបុរៈ នៅខេត្តលពបុរី។
កាក់បុរាណទាំងនោះស្ថិតក្នុងអម្លុងចុងស.វទី៧ ដើមស.វទី១០-១១ តែសរសេរជាអក្សរខរោស្តី តាមលំនាំអក្សរឥណ្ឌា ដែលសរសេរពីស្តាំទៅឆ្វេង ប្រើចូលទៅភូមិភាគខាងជើង ឆៀងខាងលិច (ពាយ័ព្យ) និងភូមិភាគកណ្តាល។ ដូចពោលខាងលើ ទន្ទឹមនឹងនេះ ប្រភេទកាក់នេះក៏ត្រូវបានជួបប្រទះនៅខេត្តឆ័យនាត។ តាមរយៈសេចក្តីសន្និដ្ឋានរបស់អ្នកឯកទេសថៃ កាក់ទាំងនោះស្ថិតក្នុងស.វទី៦ និងទី៧ នៃគ.ស។ យើងក៏បានជួបប្រភេទកាក់នេះ នៅអូរកែវ អង្គរបុរី និងនៅឧត្តុង្គផងដែរ។ តែបញ្ហាដែលចោទឡើងនៅទីនេះ គឺថា តើកាក់ដែលមានសញ្ញាស្រីវត្ស គោនន្ទិន និងមានរូបព្រះអាទិត្យ នៅអូរកែវ អង្គរបុរី មានអាយុកាលដូចកាក់នៅក្នុងប្រទេសថៃដែរឬទេ? តើព្រះមហាក្សត្រដែលមានព្រះនាមថា ស្រីទ្វារវតីនៅទីនេះ មានទំនាក់ទំនងយ៉ាងដូចម្តេចទៅនឹងស្តេចទៅនឹងស្តេចស្រីទ្វារវតី នៅនគរបឋម និងឆ័យនាត?។
លើសពីនេះទៀត ក្នុងចំណោមកាក់នាសម័យអង្គរ នៅអង្គរបុរី គេក៏ឃើញមានកាក់ខ្លះមានប្រថាប់ព្រះនាមជាភាសាសំស្ក្រឹតថា ស្រីទ្វារវតី ស្វរបុណ្យធ្វើំពីមាស និងសំណ ឬស្ពាន់មួយចំនួនផងដែរ។
សូមជម្រាបថា នៅខេត្តឆ័យនាត, សុផាន់បុរី, នគរបឋម, សិង្ហបុរី ភាគច្រើន គឺជាកាក់ប្រាក់មានរូបស័ង្ខ និងសញ្ញា ស្រីវត្ស នៅកណ្តាលអមដោយព្រះច័ន្ទ និងព្រះអាទិត្យពីលើ សងខាងមានសញ្ញាវជ្រ ហើយនៅខាងក្រោមមានសញ្ញាត្រី។ ដូចកាក់នៅអង្គរបុរី កាក់ទាំងនោះ ពិតជាមានអាយុតិចជាងកាក់រូបព្រះអាទិត្យរះមួយកំណាត់ និងស្រីវត្ស។
ខាងលើនេះ មានន័យថា កាក់ទាំងនោះមិនមែនសុទ្ធសឹងតែស្ថិតក្នុងសម័យវប្បធម៌មនទ្វារវតីតែម្យ៉ាងនោះទេ ក៏ប៉ុន្តែក្នុងសម័យមុនមន ឬហ្វូ-ណន ដូចដែលអ្នកប្រាជ្ញថៃមួយចំនួនតូចបានទទួលស្គាល់។ សំខាន់ជាងនេះទៅទៀត គឺរូបិយវត្ថុមនទាំងនោះសុទ្ធសឹងតែត្រូវបានផលិតឡើងតាមលំនាំនៃកាក់សម័យនគរភ្នំ ឬហ្វូ-ណនទាំងអស់។ លោក ម៉ាល្លើរេ ដែលបានពិនិត្យកាក់មួយចំនួននៅម្តុំអូរកែវ ដែលមានអាយុកាលដូចកាក់នៅប្រទសថៃ និងនៅភូមិភាគខាងត្បូងប្រទេសថៃ ប្រទេសភូមា បច្ចុប្បន្ន បានទទួលស្គាល់ថា កាក់ទាំងនោះ គឺជាកាក់របស់ហ្វូ-ណន។
តើក្នុងករណីនេះ យើងអាចចាត់ទុកតទៅទៀតបានដែរឬទេ ថាកាក់ទាំងអស់ដែលបានរកឃើញនៅកម្ពុជា និងអតីតកម្ពុជាក្រោមថា ជារបស់មន ក្នុងខណៈដែលតំបន់នេះពុំធ្លាប់មានសហគមន៍មនរស់នៅឡើយ?។
ជារួម ការសិក្សាអំពីកាក់នាសម័យនគរភ្នំ នៅប្រទេសកម្ពុជា និងនៅក្នុងដែនដីសណ្តអូរកែវ អាចជួយយើងកែតម្រូវទស្សនៈខុសឆ្គង អ្នកស្រាវជ្រាវថៃមួយចំនួនហើយ យល់ដឹងអំពីអាយុកាលនៃកាក់ទាំងនោះដោយសុក្រិតភាព។ តាមពិតទៅ ការដែលមិនដឹងច្បាស់អំពីកាលបរិច្ឆេទនៃកាក់ទាំងនោះ គួបផ្សំនឹងគំនិតជាតិជ្រុលនិយមបានធ្វើឲ្យការស្រាវជ្រាវខាងបុរាណវិទ្យានៅប្រទេសថៃ ស្ថិតក្នុងភាពច្របូកច្របល់។
សូមរំឮកថា កាក់នៅម្តុំអូរកែវ ដែលមានសញ្ញានិមិត្តស្រីវត្សត្រូវបានសិក្សាដោយលោកស្រី ឡេ ធីលាង ស្ថិតក្នុងអន្តរកាលរវាងស.វទី ២ និងទី៦។ សូមបញ្ជាក់ថា នៅប្រទេសឥណ្ឌា សញ្ញានិមិត្តខាងលើនេះត្រូវបានឆ្លាក់លើចម្លាក់ព្រះពុទ្ធបាទមួយគូនាដើមសម័យប្រវត្តិសាស្ត្រនាស.វទី២ និងទី៣ នៃគ.ស។
ជាទីបញ្ចប់ អ្វីដែលគេបានរកឃើញនៅក្នុងព្រះរាជាណាចក្រថៃបច្ចុប្បន្ន មិនមែនសុទ្ធសឹងតែជារបស់ខ្មែរទាំងអស់នោះទេ ហើយវាក៏មិនមែនជាកម្មសិទ្ធរបស់មនដែរ។ មានន័យថា វត្ថុខ្លះជារបស់ខ្មែរ ហើយខ្លះទៀត វាជារបស់មន តាមដំណាកលវិវត្តន៍នីមួយនៃប្រវត្តិសាស្ត្រ។ កុំភ្លេចថា ប្រវត្តិសាស្ត្រគឺជាការតាំងកាលបរិច្ឆេទ បើពុំដូច្នោះទេមិនមែនជាប្រវត្តិសាស្ត្រទេ។
ជាព័ត៌មានសូមជ្រាបថា ការធ្វើកំណាយកាលពីឆ្នាំ ២០០៣ នៅលើទីតាំងតូចមួយនៃសាលារៀន ហរ ឯកវិទ្យា នៅក្នុងបរិវេណនៃទីក្រុងនគរបឋម (នគនបៈឋម) បានឲ្យដឹងថាទីក្រុងទ្វារវតីត្រូវបានកាន់កាប់ចាប់តាំងពីស.វទី៣-៦ នៃគ.ស (សម័យមុនទ្វារវតី) រហូតដល់ពាក់កណ្តាលស.វទី ១០នៃគ.ស (ក្រោយសម័យទ្វារវតី)។ តាមប្រសាសន៍របស់លោកសារិតពង់ ឃុនសង ’It can also be observed that as the evidences are, by and large, diverse, damaged and broken, this site might be a dumping ground for unwanted materials. On the other hand, it can be inferred that traces of continuous occupation dating to circa the 3rd - 6th century (late Dvaravati time) are found at the Hor-Ek site (Cf. Saritpong Khunsong, ’The Hor-Ek Archaeological Site at the Ancient City of Nakhon Pathom : Results of the Excavation and Dating, Muang Boran Journal, Vol.37 No.1, Jan-March, 2011)។
មានន័យថា កាក់ទាំងឡាយដែលគេបានជួបប្រទះនៅទីក្រុងមន ឈ្មោះទ្វារវតី ត្រូវបានចែកចេញជាពីរសម័យធំៗគឺ សម័យមុនមន ពីស.វទី៣-៦ នៃគ.ស ដែលស្ថិតក្នុងសម័យកាលចក្រភពហ្វូណន ឬនគរភ្នំ និងសម័យមន ទ្វារវតី ដែលស្ថិតពីស.វទី៦-១០ និងទី១១នៃគ.ស។ ជាអវសាន យើងក៏សូមបញ្ជាក់ផងដែរថា កាក់នាសម័យនគរភ្នំក៏ត្រូវបានជួបប្រទះនៅខេត្តសិង្ហបុរី អូរកែវ កម្ពុជាក្រោមបច្ចុប្បន្ន និងអង្គរបុរី ព្រមទាំងនៅប្រទេសភូមា។ យ៉ាងណាមិញ ការសិក្សាប្រៀបធៀបអំពី សញ្ញានិមិត្តពិសិដ្ឋ មួយចំនួនដូចករណីសញ្ញានិមិត្តស្រីវត្ស ដែលត្រូវបានឆ្លាក់នៅលើកំពូលព្រះចេត្យី និងព្រះពុទ្ធបាទរបស់ព្រះសម្មាសម្ពុទ្ធអង្គ នាដើមស.វទី២-៣នៃគ.ស ដូចទើបពោល នៅភូមិភាគខាងត្បូងនៃប្រទេសឥណ្ឌាក៏អាចបញ្ជាក់នូវភាពត្រឹមត្រូវរបស់នៃការតាំងកាលបរិច្ឆេទនៃកាក់នាសម័យនគរភ្នំក្នុងដំណាក់កាលទី១ផងដែរ(Cf. មើលរូបភាព)។
យោងតាមទិន្នន័យបុរាណវិទ្យា ជាសេចក្តីសន្និដ្ឋាន ចំពោះយើងតែងតែជឿថា ផ្តើមចេញពីស.វទី១ និងទី២ នៃគ.ស កាក់ប្រាក់នៅនគរទ្វារវតី មិនមែនសុទ្ធសឹងតែជារបស់មននោះទេ ថ្វិត្បិតតែអ្នកស្រាវជ្រាវថៃ និងបរទេសមួយចំនួន ដែលយល់តាមការបកស្រាយរបស់លោក ឆអាម កែវគ្រៃ។ ពិតហើយថា កាក់ទាំងនោះត្រូវបានរកឃើញនៅក្នុងខេត្តនគរបឋម និងសុផាន់បុរី ប្រទេសថៃបច្ចុប្បន្ន ដែលអ្នកស្រាវជ្រាវថៃ ចាត់ទុកជាទឹកដីរបស់នគរមន ទ្វារវតីក៏មែនពិត ក៏ប៉ុន្តែ ដោយសារតែនគរទ្វារវតីទើបតែត្រូវបានប្រសូតឡើងនៅចុងស.វទី៦ ដើមទី៧តែប៉ុណ្ណោះ នៅលើទឹកដីចាស់របស់ហ្វូ-ណន។ ការដែលមើលរំលងនូវបរិបទភូមិសាស្ត្រជាប្រវត្តិសាស្ត្រនៃហ្វូ-ណនខាងលើនេះហើយ ដែលបាននាំមកនូវភាពច្របូកច្របល់ ហើយវាក៏ជាចំណុចខ្សោយនៃអំណះអំណាងគ្មានមូលដ្ឋានវិទ្យាសាស្ត្ររបស់អ្នកស្រាវជ្រាវថៃមួយចំនួនដែរ។ ម្យ៉ាងវិញទៀត យើងនៅតែមិនទាន់ដឹងនៅឡើយថា កាក់នៅអង្គរបុរី ដែលចារព្រះនាមរបស់ព្រះមហាក្សត្រស្រីទ្វារវតីពីលើ ជាប់ពាក់ព័ន្ធ ឬមិនពាក់ព័ន្ធទៅនឹងព្រះមហាក្សត្រនៅនគរបឋម? ហើយតើមានក្នុងកម្រិតណាដែរ?៕ (ម.ត្រាណេ)
No comments:
Post a Comment