ក្នុងសំណុំរឿងលេខ ៦៩៥ នៃមូលនិធិអាដឺម៉ារ ឡឺក្លែរ ដែលគេតម្កល់នៅបណ្ណាល័យខេត្តអាឡាំងសុង ប្រទេសបារាំង យើងបានឃើញកាលពីឆ្នាំ ១៩៧៨ នូវកូនអត្ថបទមួយមាន ៦ទំព័រ សរសេរជាភាសាខ្មែរ ស្តីពីការរាប់ចំនួន រង្វាស់រង្វាល់ និងការរាប់ដោយថ្លឹង។ ការរាប់ពី១យោជន៍ ដល់បរិមាណូ ការរាប់នាម ថ្ងៃ ខែ ឆ្នាំ និងរដូវ ព្រមទាំងពាក្យទំនឹមទំនៀមខ្លះៗជាដើម។
សូមជម្រាបផងដែរថា អត្ថបទខាងលើនេះក៏បាននិយាយដល់ឈ្មោះ ថ្ងៃ ខែ ឆ្នាំផងដែរ តែយើងសូមមិនលើកយកមកអធិប្បាយ។ ដោយសារតែការរាប់ចំនួនរង្វាស់ និងការរាប់ចំនួនដោយថ្លឹង ជាប្រពៃណីបុរាណ សព្វថ្ងៃនេះសឹងតែត្រូវបានគេឈប់និយមទៅហើយ បានជាយើងយល់ថា គួរគប្បីយើងយកឯកសារនេះមកផ្សាយឡើងវិញ។ អត្ថបទនេះ ត្រូវបានសរសេររៀបរៀងឡើងដោយហ្លួងភិភ័ក្តិធានី យោក្ប័ត នៅជ្រោយចង្វា អ្នកកាន់ការងារផ្នែកបញ្ជី និងសំបុត្រផ្សេងៗ ឬជាលេខាធិកាតាមសំណើររបស់លោក អាដឺម៉ារ ឡឺក្លែរ ដែលធ្លាប់ជាអធិបតីរងប្រចាំក្រុងភ្នំពេញ និងនៅស្រុកសម្បូណ៍ នៅខេត្តកំពង់ធំបច្ចុប្បន្ន។ ដោយសារអត្ថបទសរសេរតាមអក្ខរាវិរុទ្ធចុងស.វទី១៩ និងដើមស.វទី២០ ដែលមានលក្ខណៈមិនទៀងទាត់ យើងសូមសរសេរឡើងវិញតាមអក្ខរាវិរុទ្ធសម័យទំនើប ជាអក្សរជ្រេ ដើម្បីងាយនឹងអាន។
“រឿងរាប់ឲ្យជាប៉ុន្មានឲ្យដឹង
១០ពាន់ ១ម៉ឺន, ១០ម៉ឺន ១សែន, ១០សែន ១លាន, ១០លាន ១កោដិ, មួយរយសែនកោដិ ជាបកោដី។ មួយរយសែនបកោដី ជាមួយកដីប្បកោដី, មួយរយសែនកោដីប្បកោដី ជាមយយនុហុត, មួយសែននុហុត ជាមួយនិន្នហុត, មួយសែននិន្នហុត ជាមួយអក្ខោភិនី, មួយរយសែនអក្ខោភិនី ជាមួយពិន្ទុ, មួយរយសែនពិន្ទុ ជាមួយនិរព្វុទ, មួយរយសែននិរព្វុទ ជាមួយអហហៈ, មួយរយសែនអហហៈ ជាមួយអពពៈ, មួយរយសែនអពពៈ ជាមួយអដដៈ, មួយរយសែនអដដៈ ជាមួយសោគន្ធិក, មួយរយសែនសោគន្ធិក ជាមួយកុមុទ, មួយរយសែនកុមុទ ជាមួយបុណ្ឌរីក, មួយរយសែនបុណ្ឌរីក ជាមួយបទុម, មួយរយសែនបទុម ជាមួយកថាន, មួយរយសែនកថាន ជាមួយមហាកថាន, មួយរយសែនមហាកថាន ជាមួយអសង្ខេយ្យ។
អំពី ១០០ ដល់កោដិ ឲ្យយក១០គុណ អំពី១កោដិដល់អសង្ខេយ្យ ឲ្យយក ១០០សែនគុណ។
១យោជន៍ ៤០០សិន, ១សិន ២០ព្យាម, ១ព្យាម ៤ហត្ថ, ១ហត្ថ ២ចំអាម, ១ចំអាម ១២ធ្នាប់, ១ធ្នាប់ ៤ក្បៀស, ១ក្បៀស ២គ្រាប់ស្រូវ, ១គ្រាប់ស្រូវ ៨តួចៃ, ១តួចៃ ៨ពងចៃ, ១ពងចៃ ៨ចុងសក់, ១ចុងសក់ ៨ធូលី, ១ធូលី ៨អណូ, ១អណូ ៨បរមាណូ។
រាប់ដោយវាស់ :
ឈើកម្រាស់ ទទឹង ១ហត្ថ បណ្តោយ ៦ព្យាម ហៅថា ១លើក
រាប់ដោយវាល់ :
គឺស្រូវ១រទេះ ៥ក្លម, ក្នុង ១ក្លម ២០តៅ, ក្នុង១តៅ ២០នាល, ក្នុង១នាល ២សង្កាត់, ១សង្កាត់ ៤ក្តាប់, ក្នុង១ក្តាប់ ៤ទូកចុងដៃ, ក្នុង១ទូកចុងដៃ ១០០គ្រាប់ស្រូវ។
រាប់ដោយថ្លឹង :
មាស ១ភារា ២០ដុល, ក្នុង១ដុល ២០នាល, ក្នុង១នាល ២០តម្លឹង, ក្នុង១តម្លឹង ៤បាទ, ក្នុង១បាទ ៤ស្លឹង, ក្នុង១ស្លឹង ២ធ្វឿង, ក្នុង១ធ្វឿង ៤លុយ, ក្នុង១លុយ ២ក្លាម, ក្នុង១ក្លាម ២ក្លម, ក្នុង១ក្លម ២គ្រាប់ស្រូវ”។
ដូចនេះ តាមរយៈកំណត់ហេតុដ៏ខ្លីខាងលើនេះ របស់លោក ហ្លួងពិភ័ក្តិធានី យើងដឹងថា ជនជាតិខ្មែរយើងមានរបៀបរាប់ចំនួនរង្វាស់រង្វាល់របស់ខ្លួនយ៉ាងប្រាកដ ទោះបីមានពាក្យជាច្រើនមានប្រភពពីបរទេសក៏ដោយ៕ (ម.ត្រាណេ)
No comments:
Post a Comment