Search This Blog

Friday, September 27, 2013

ប្រព័ន្ធសង្ខ្យាខ្មែរ នាចុងស.វទី១៩ (ភាគ ១)

  ក្នុង​សំណុំរឿង​លេខ ៦៩៥ នៃ​មូលនិធិ​អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ ដែល​គេ​តម្កល់​នៅ​បណ្ណាល័យ​ខេត្ត​អា​ឡាំង​សុង ប្រទេស​បារាំង យើង​បានឃើញ​កាលពី​ឆ្នាំ ១៩៧៨  នូវ​កូន​អត្ថបទ​មួយ​មាន ៦​ទំព័រ សរសេរ​ជា​ភាសា​ខ្មែរ ស្តីពី​ការ​រា​ប់ចំនួន រង្វាស់រង្វាល់ និង​ការរាប់​ដោយ​ថ្លឹង​។ ការរាប់​ពី​១​យោជន៍ ដល់​បរិ​មា​ណូ ការរាប់​នាម ថ្ងៃ ខែ ឆ្នាំ និង​រដូវ ព្រមទាំង​ពាក្យទំនឹម​ទំនៀម​ខ្លះៗ​ជាដើម​។​
​    ​សូម​ជម្រាប​ផងដែរ​ថា អត្ថបទ​ខាងលើនេះ​ក៏បាន​និយាយ​ដល់​ឈ្មោះ ថ្ងៃ ខែ ឆ្នាំ​ផងដែរ តែ​យើង​សូម​មិន​លើក​យកមក​អធិប្បាយ​។ ដោយសារតែ​ការរាប់​ចំនួន​រង្វាស់ និង​ការរាប់​ចំនួន​ដោយ​ថ្លឹង ជា​ប្រពៃណី​បុរាណ សព្វថ្ងៃនេះ​សឹងតែ​ត្រូវបាន​គេ​ឈប់​និយម​ទៅហើយ បានជា​យើង​យល់ថា គួរ​គប្បី​យើង​យក​ឯកសារ​នេះ​មក​ផ្សាយ​ឡើងវិញ​។​
​    ​អត្ថបទ​នេះ ត្រូវបាន​សរសេរ​រៀបរៀងឡើង​ដោយ​ហ្លួង​ភិ​ភ័ក្តិ​ធានី យោ​ក្ប័​ត នៅ​ជ្រោយចង្វា អ្នកកាន់ការ​ងារ​ផ្នែក​បញ្ជី និង​សំបុត្រ​ផ្សេងៗ ឬ​ជា​លេខាធិកា​តាម​សំណើរ​របស់លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ ដែល​ធ្លាប់ជា​អធិបតីរង​ប្រចាំ​ក្រុងភ្នំពេញ និង​នៅ​ស្រុក​សម្បូ​ណ៍ នៅ​ខេត្តកំពង់ធំ​បច្ចុប្បន្ន​។ ដោយសារ​អត្ថបទ​សរសេរ​តាម​អក្ខរាវិរុទ្ធ​ចុង​ស​.​វ​ទី​១៩ និង​ដើម​ស​.​វ​ទី​២០ ដែលមាន​លក្ខណៈ​មិន​ទៀងទាត់ យើង​សូម​សរសេរ​ឡើងវិញ​តាម​អក្ខរាវិរុទ្ធ​សម័យ​ទំនើប ជា​អក្សរ​ជ្រេ ដើម្បី​ងាយ​នឹង​អាន​។​

“​រឿង​រាប់​ឲ្យ​ជា​ប៉ុន្មាន​ឲ្យ​ដឹង​
​    ​១០​ពាន់ ១​ម៉ឺន​, ១០​ម៉ឺន ១​សែន​, ១០​សែន ១​លាន​, ១០​លាន ១​កោដិ​, មួយរយ​សែន​កោដិ ជាប​កោ​ដី​។ មួយរយ​សែ​នប​កោ​ដី ជាមួយ​កដី​ប្ប​កោ​ដី​, មួយរយ​សែន​កោ​ដី​ប្ប​កោ​ដី ជាម​យ​យ​នុ​ហុត​, មួយ​សែន​នុ​ហុត ជាមួយ​និ​ន្នហុត​, មួយ​សែន​និ​ន្នហុត ជាមួយ​អក្ខោភិនី​, មួយរយ​សែន​អក្ខោភិនី ជាមួយ​ពិន្ទុ​, មួយរយ​សែន​ពិន្ទុ ជាមួយ​និ​រ​ព្វុ​ទ​, មួយរយ​សែន​និ​រ​ព្វុ​ទ ជាមួយ​អហហៈ​, មួយរយ​សែន​អហហៈ ជាមួយ​អពពៈ​, មួយរយ​សែន​អពពៈ ជាមួយ​អដដៈ​, មួយរយ​សែន​អដដៈ ជាមួយ​សោគន្ធិក​, មួយរយ​សែន​សោគន្ធិក ជាមួយ​កុមុទ​, មួយរយ​សែន​កុមុទ ជាមួយ​បុណ្ឌរីក​, មួយរយ​សែន​បុណ្ឌរីក ជាមួយ​បទុម​, មួយរយ​សែន​បទុម ជាមួយ​កថា​ន​, មួយរយ​សែន​កថា​ន ជាមួយ​មហាកថាន​, មួយរយ​សែន​មហាកថាន ជាមួយ​អសង្ខេយ្យ​។​
​    ​អំពី ១០០ ដល់​កោដិ ឲ្យ​យក​១០​គុណ អំពី​១​កោដិ​ដល់​អសង្ខេយ្យ ឲ្យ​យក ១០០​សែន​គុណ​។​
​    ​១​យោជន៍ ៤០០​សិន​, ១​សិន ២០​ព្យាម​, ១​ព្យាម ៤​ហត្ថ​, ១​ហត្ថ ២​ចំអាម​, ១​ចំអាម ១២​ធ្នាប់​, ១​ធ្នាប់ ៤​ក្បៀស​, ១​ក្បៀស ២​គ្រាប់ស្រូវ​, ១​គ្រាប់ស្រូវ ៨​តួ​ចៃ​, ១​តួ​ចៃ ៨​ពង​ចៃ​, ១​ពង​ចៃ ៨​ចុង​សក់​, ១​ចុង​សក់ ៨​ធូលី​, ១​ធូលី ៨​អណូ​, ១​អណូ ៨​បរមាណូ​។​


រាប់​ដោយ​វាស់ : 
​    ​ឈើ​កម្រាស់ ទទឹង ១​ហត្ថ បណ្តោយ ៦​ព្យាម ហៅថា ១​លើក​
​រាប់​ដោយ​វាល់ : 
​    ​គឺ​ស្រូវ​១​រទេះ ៥​ក្លម​, ក្នុង ១​ក្លម ២០​តៅ​, ក្នុង​១​តៅ ២០​នាល​, ក្នុង​១​នាល ២​សង្កាត់​, ១​សង្កាត់ ៤​ក្តាប់​, ក្នុង​១​ក្តាប់ ៤​ទូក​ចុងដៃ​, ក្នុង​១​ទូក​ចុងដៃ ១០០​គ្រាប់ស្រូវ​។​
​រាប់​ដោយ​ថ្លឹង : 
​    ​មាស ១​ភារា ២០​ដុល​, ក្នុង​១​ដុល ២០​នាល​, ក្នុង​១​នាល ២០​តម្លឹង​, ក្នុង​១​តម្លឹង ៤​បាទ​, ក្នុង​១​បាទ ៤​ស្លឹង​, ក្នុង​១​ស្លឹង ២​ធ្វឿ​ង​, ក្នុង​១​ធ្វឿ​ង ៤​លុយ​, ក្នុង​១​លុយ ២​ក្លា​ម​, ក្នុង​១​ក្លា​ម ២​ក្លម​, ក្នុង​១​ក្លម ២​គ្រាប់ស្រូវ​”
​។​
​    ​ដូចនេះ តាមរយៈ​កំណត់ហេតុ​ដ៏​ខ្លី​ខាងលើនេះ របស់លោក ហ្លួង​ពិភ័ក្តិ​ធានី យើង​ដឹងថា ជនជាតិខ្មែរ​យើង​មាន​របៀប​រាប់​ចំនួនរ​ង្វា​ស់​រង្វាល់​របស់ខ្លួន​យ៉ាង​ប្រាកដ ទោះបី​មាន​ពាក្យ​ជាច្រើន​មាន​ប្រភពពី​បរទេស​ក៏ដោយ​៕ (​ម​.​ត្រា​ណេ​)