Search This Blog

Tuesday, February 12, 2013

​ប្រភព​អង្គរ​នៃ​ត្រដោក​គោក្របី​បច្ចុប្បន្ន​




​    ​ធ្វើ​អំពី​ឈើខ្លឹម ហើយ​មាន​រាង​ចតុកោណព្នាយ ផ្នែក​ខាងលើ​មាន​រាង​អ៊ែន​ជាង​ផ្នែក​ខាងក្រោម ឧបករណ៍​នេះ​បញ្ចេញ​សូរ ធ្វើឡើង​ដើម្បី​បំពាក់​ក​គោ ឬ​ក្របី​។ ផ្នែក​ខាងក្រោម​ត្រដោក​មាន​ចោះ​រន្ធ ៤ សម្រាប់​ខ្សែ​ចង​ព្យួរ រីឯ​ប្រអប់​ត្រដោក ដែល​បានមកពី​ការ​ឆ្វៀល​ជា​ប្រហោង គេ​ឃើញ​មានកូន​យោល​ធ្វើ​អំពី​ឈើ បួន​ដង្ហែរ​គ្នា ។ នៅពេលដែល​សត្វ​គោ​ឬ​ក្របី ធ្វើ​ចលនា​ដើរ​ឡើង​ចុះ​ម្តងៗ កូន​យោល​ប៉ះទង្គិច​គ្នា ហើយ​បញ្ចេញ​ជា​សូរសម្លេង ។​


ត្រដោកសំរិទ្ធិខេត្តសៀមរាប សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក និងដីដុត, កម្មសិទ្ធឯកជន (ថត ២០០០)

​    ​នា​សម័យអង្គរ ក៏មាន​ការប្រើ​ត្រដោក​ដែរ ប៉ុន្តែ​នៅ​សម័យ​នោះ គេ​ទំនងជា​ប្រើ​ត្រដោក​ធ្វើ​អំពី​សំរឹទ្ធិ​ច្រើន ព្រោះ​ការប្រើ​ដោយ​ពុម្ព មាន​ភាពងាយស្រួល​ជាង​ការ​ឆ្វៀល​ឈើ ។ វត្តមាន​របស់​ត្រដោក​មួយចំនួន​ធ្វើ​អំពី​សំរឹទ្ធិ ដែល​គេ​បាន​រកឃើញ​ក្នុងភូមិ​ភាគ​មួយ ដែល​លាតសន្ធឹង​ពី​តំបន់​នគររាជ​សីមា និង​សៀមរាប​អង្គរ គឺជា​តឹកតាង​ធ្វើ​ឲ្យ​យើង​បាន​ស្គាល់​ពី​ចំណាស់ នៃ​ឧបករណ៍ប្រើប្រាស់​ទាំងនោះ ។​

ត្រដោកដីដុត និងមានចារសិលាចារឹកអក្សរខ្មែរ ខេត្តបុរីរម្យ (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)

​    ​ដូច​សព្វថ្ងៃ នៅក្នុង​តំបន់​ទាំងនោះ គេ​តែងតែ​ប្រើ​ត្រដោក​គោ​និង​ក្របី ដែលមាន​តាំងពី​បុរាណកាល​រហូតដល់​បច្ចុប្បន្ន ។ នៅ​ខេត្ត​បុរីរម្យ គេ​ក៏បាន​រកឃើញ ត្រដោក​មួយចំនួន​ធ្វើ​អំពី​ដី​ដុត ដែលជា​ហេតុ​ធ្វើ​ឲ្យ​យើង​សន្មត​ថា ជា​ឧបករណ៍​សម្រាប់​ក្មេង​លេង ។​
​    ​បានជា​យើង​សន្និដ្ឋានថា ត្រដោក​ខ្មែរ​មាន​ប្រភព​ចេញពី​សម័យអង្គរ ពីព្រោះ​យើង​បាន​រកឃើញថា ត្រដោក​គោ​និង​ក្របី ដែល​ខ្មែរ​កំពុង​ប្រើប្រាស់​មិនបាន​ផ្លាស់ប្តូរ​ទម្រង់​ឡើយ ក្នុងអម្លុង ១.០០០​ឆ្នាំ​ចុង​ក្រោយនេះ ៕ (​ម​.​ត្រា​ណេ​)​

និមិត្តរូប​នៃ​ប្រាសាទបុរាណ​ខ្មែរ​

ចំពោះ​ជនជាតិ​ឥណ្ឌា ក៏ដូចជា​ជនជាតិខ្មែរ​បុរាណ​អ​ញ្ជឹ​ង​ដែរ ដែល​ស្ថិតក្រោម​ឥទ្ធិពល​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា លោក​ឬ ពិភពលោក​យើង​នេះ មាន​រាង​ជា ៤ ជ្រុង​ត្រ​ប៉ែត ស្មើ ដែលមាន​ភ្នំ​ជាច្រើន​ជា​ព្រំប្រទល់ ហើយ​ហ៊ុមព័ទ្ធ​ដោយ​មហាសាគរ  ហើយ​នៅ​ចំ​កណ្តាល​មាន​សរសរ​មួយ​ជា​ជ​ន្ទ​ល់ ។ សសរ​នេះ​លេច​ខ្ពស់ត្រដែត​ដល់​ព្រះអាទិត្យ ហើយ​ត្រូវបាន​ប្រដូច​ទៅនឹង ព្រះអាទិត្យ ឬ​អណ្តាតភ្លើង​មួយ​កំពុង​ទម្លុះ​អាវ​កាស យ៉ាង​ជ្រាលជ្រៅ ។ គួរ​កត់សម្គាល់ថា ការប្រៀបធៀប​នេះ​គឺជា​តឹកតាង ច្បាស់លាស់​មួយ បង្ហាញថា សសរទ្រូង​ខាងលើនេះ​ផ្ទាល់ គឺជា​ភ្នំ​សុមេរុ​យ៉ាង​ប្រាកដ ។ 
​    ​ម្យ៉ាងវិញទៀត​ចក្រ​វា​ឡ​យើង​នេះ ក៏ត្រូវ​បាន​គេ​ប្រៀបផ្ទឹម​ទៅនឹង​ខ្លួនប្រាណ​មនុស្ស​ផងដែរ ។ ពោលគឺ​ថ្ម​ឬ​ភ្នំ ជា​គ្រោង ឆ្អឹង ដង​ទន្លេ​ទាំងឡាយ​គឺជា​ឈាម និង​ខ្យល់​ជា​ដង្ហើម​ជីវិត ។​
​    ​ដោយសារតែ​ទស្សនៈ​នេះហើយ ទើបបានជា​រាល់​ការសាងសង់​ប្រាង្គ​ប្រាសាទ បង្កប់​នូវ​អត្ថន័យ​និមិត្តរូប​ស៊ីជម្រៅ គួរ​ឲ្យ​កត់សម្គាល់​ក្រលែង ។ ដូច្នេះ​ដើម្បី​ឲ្យ​ស្របទៅតាម​គោល​ទស្សនៈ​វិទ្យា នៃ​លោកធាតុ​វិទ្យា​ឥណ្ឌា​ខ្មែរ​នេះ ចាំបាច់​ត្រូវបង្កើត​ឲ្យ មាន​ឡើង​នូវ​គោលការណ៍​មួយចំនួន ដូចជា ទ្រឹស្តី​ស្តីពី​សោភ័ណភាព និង​ច្បាប់​បច្ចេកទេស​ជាដើម សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង ការអនុវត្ត ការស្ថាបនា​សំណង់​ស្ថាបត្យកម្ម​បុរាណ ។​

បារាយណ៍​ និង​ស្រះ​ទាំង​៤​នៃ​ប្រាសាទ​មឿង​តាំ (​នាយកដ្ឋាន​វិចិត្រសិល្បៈ​សៀម​)

​    ​ដូច​ទើប​ពោល ទស្សនៈ​លោកធាតុ​វិទ្យា​ឥណ្ឌូ​-​ខ្មែរ អាច​បញ្ជាក់ថា សកលលោក​មាន​លក្ខណៈ​ពិសិដ្ឋ​ឥតខ្ចោះ ។ ហើយ គេ​ជឿថា នៅ​ចំ​កណ្តាល​មាន​ភ្នំ​ព្រះ​សុមេរុ ដែល​នៅលើ​មា​ន្ថា​ន​ទេវលោក ឬ​ទេវស្ថាន ។ ម្យ៉ាងវិញទៀត ជុំវិញ​ភ្នំ​ព្រះ​សុមេរុ​នេះ គេ​ឃើញ​មាន​មហាសមុទ្រ​ទាំង ៤​តំណាង​ឲ្យ​ទ្វីប​៤ ហើយ​ទ្វីប​មួយ​ក្នុង​ទ្វីប​ទាំង ៤ នោះ​គឺជា​ជម្ពូទ្វីប ។ ហើយ​នៅ​ខាងត្បូង នៃ​ទ្វីប​នេះ គឺជា​ស្ថាន​មនុស្សលោក ។ ដែល​ហ៊ុមព័ទ្ធ​ដោយ​មហាកំពែង​ថ្ម ដែល​តាមពិតទៅ គឺ​តំណាង​ឲ្យ​ជួរ​ភ្នំ​តែប៉ុណ្ណោះ ។ 
​    ​នៅក្នុង​បញ្ញត្តិ​កម្ម​ព្រហ្មញ្ញសាសនា ស្តីអំពី​ទស្សនៈ ស្តីពី​លោក យើង​ក៏​ដឹង​ទៀតថា នៅលើ​កំពូលភ្នំ​ព្រះ​សុមេរុ​ដ៏​ស័ក្តិ​សិទ្ធ ដែលជា​ស្ថាន​របស់​ព្រះព្រហ្ម ឬ​ព្រហ្មលោក មាន​ទិស​ទាំង ៨ ការពារ​ដោយ​ទេវតា​ទាំង ៨ ដែលជា​ឆ្មាំ ។ សូម​រំលឹកថា នៅ​ជម្ពូទ្វីប​ដែល​ធំជាងគេ​នោះ ស្ថិត នៅ​ចំ​កណ្តាល​ចក្រ​វា​ឡ ហើយ​មាន​ព្រះ​សុមេរុ​ហ៊ុមព័ទ្ធ​ជុំវិញ ដោយ​ពិភព​តារា ។​
​    ​យោង​លើ​និមិត្ត​រូបភាព យើង​ក៏​អាច​សម្គាល់​ផងដែរ នូវ​សម្ព័ន្ធភាព​ជិតស្និទ្ធ រវាង​វិស័យ​ស្ថាបត្យកម្ម​បុរាណ និង​ទីក្រុង​ឬ ព្រះរាជ​ធានី​ខ្មែរ ដូច​ករណី​អង្គរធំ ដែលជា​រូបភាព​បំ​ព្រួញ​នៃ​ពិភពលោក ដែល​តំណាង​ឲ្យ​លោកធាតុ​វិទ្យា ឥណ្ឌូ​-​ខ្មែរ ខាងលើ ។ ហើយ​ដែលជា​មណ្ឌល​សេដ្ឋកិច្ច ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​បារាយណ៍ ជា​សម្រាប់​បង្ហូរទឹក​ចូល​វាលស្រែ​ជា​ប្រភព​នៃ​វឌ្ឍនភាព ។​
​    ​សរុបទៅ​ទាំង ប្រាសាទ ទាំង​ទីក្រុង ឬ​រាជធានី មាន​ទស្សនៈ​រូប​មួយ​អំពី​ភ្នំ​កណ្តាល ដែលជា​ស្នូល​នៃ​ពិភពលោក ដែល 
​ស័ក្តិ​សិទ្ធ​ជាងគេ ហើយ​ដែល​ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ជួរ​ភ្នំ តំណាង​ដោយ​កំពែង​ធំ​ខ្ពស់ ។ ក្នុងន័យនេះ​ប្រាសាទ​កណ្តាល​នៃ​ទីក្រុង​
 ឬ​ភ្នំ​កណ្តាល គឺជា​ភ្នំ​សុមេរុ​នោះឯង ។ ជញ្ជាំង​កំពែង​ហ៊ុន​ព័ទ្ធជុំវិញ ត្រូវគេ​ប្រៀបផ្ទឹម​ទៅនឹង ជញ្ជាំង​ព័ទ្ធជុំវិញ​ចក្រ​វា​ឡ និង​ស្រះ ទាំង ៤ ពោរពេញ​ទៅដោយ​ទឹក ដូច​មហាសមុទ្រ​នៃ​លោកធាតុ​វិទ្យា ។ ទស្សនៈ​នេះ​មាន​សារសំខាន់​ណាស់ សម្រាប់​ជាង​ខ្មែរ​នា សម័យបុរាណ ព្រះ​ជា​ជំនួយ​មួយ​យ៉ាងសំខាន់ ក្នុងការ​សាងសង់ ឬ​រៀបចំ​ប្លង់​ប្រាសាទ ដូច​ករណី​នៃ​ប្រាសាទ​ពិ​មា​យ នៅ​ខេត្ត នគររាជ​សីមា ប្រាសាទភ្នំរុង​ជា​សក្ខីកម្ម​ស្រាប់ ។​

ស្រះ​នៅលើ​កំពូលភ្នំ​ប្រាសាទភ្នំរុង​ប្រទេស​ថៃ និង​ប្រាសាទអង្គរវត្ត (​ថត ២០០០)​

​    ​ក្រោ​ពីនេះ​ប្រាសាទខ្មែរ ក៏​ត្រូវបាន​ស្ថាបនា​ឡើង​ក្នុងសម័យ ជា​វិជ្ជមាន​ផ្សេងៗ​មួយចំនួន​ផងដែរ ។ ជា​ប្រពៃណី ប្រាសាទខ្មែរ​គឺជា​លំនៅដ្ឋាន របស់​ពពួក​អាទិទេព​ក៏​មែនពិត ក៏ប៉ុន្តែ​ទន្ទឹម​ជាមួយគ្នានេះដែរ ក៏​ជា​មជ្ឈមណ្ឌល​វប្បធម៌ ព្រមទាំង ជា​កន្លែង​ដែល​គេ​បញ្ចុះ​អដ្ឋិធាតុ ស្តេច​ដូចជា​ប្រាសាទ​អង្គ​វត្ត ប្រាសាទបន្ទាយសម្រែ និង​ប្រាសាទបេង​មាណ ជាដើម ។ នេះ​ជា​អ្វីមួយ ដែល​ឆ្លុះបញ្ចាំង​ដោយ​វត្តមាន​ក្តារ​មឈូស​ថ្ម តូចធំ​ទាំងឡាយ ដែល​គេ​ជួបប្រទះ​ក្នុង​ទេវស្ថាន​ទាំងនោះ ។ 
​    ​និយាយ​ជារួម​មក សម្រាប់​មនុស្ស​ខ្មែរ ស្ថាបត្យកម្ម​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ការរៀបចំ​ដែនដី​នគរ ឬ​នគររូបនីយកម្ម ជាពិសេស​ប្រព័ន្ធធារាសាស្ត្រ និង​ផ្លូវ​ទូរគមនាគមន៍ ។ នៅ​សម័យ​មហានគរ ដែលមាន​ទីក្រុង​អង្គរ​ជា​រាជធានី គោលបំណង​នៃ​ស្ថាបត្យករ​សម័យអង្គរ មិន​ត្រឹមតែ​ផលប្រយោជន៍ នៃ​សាសនា ឬ​សោភ័ណភាព​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​ទាក់ទង​ទៅនឹង​នយោបាយ​ទឹក សម្រាប់​កសិកម្ម​ដែលជា​ប្រភព​នៃ​ប្រភព នៃ​វឌ្ឍនភាព ។ ឧទាហរណ៍​ជាក់ស្តែង ដូចជា វត្តមាន​នៃ​បារាយណ៍​ដ៏​ធំៗ សម្រាប់​ស្តុក​ទឹក​នៅ​តំបន់​សៀមរាប​អង្គរ និង​នៅ ប្រាសាទ​មឿង​តាំ​ជាដើម ដែលជា​លក្ខណៈ​រួម​នៃ​ស្ថាបត្យកម្ម​ខ្មែរ អនុវត្តតាម​បទបញ្ញត្តិ​កម្ម​យ៉ាង​ជាក់ច្បាស់ ។​
​    ​លើសពី​នេះ​ទៅទៀត រឿង​ដែល​អស្ចារ្យ​នោះ ប្រាង្គ​ប្រាសាទខ្មែរ គឺជា​ទីកន្លែង​សម្រាប់​ផ្សារភ្ជាប់​គ្នា រវាង​មនុស្ស និងមនុស្ស រវាងមនុស្សលោក និង​ព្រះអាទិទេព​នៅលើ​ផែនដី ប្រកបដោយអត្ថន័យស៊ីជម្រៅជាទីបំផុតតាមរយៈ​ព្រះរាជា ក្នុងឋានៈ​ជា​ប្រមុខ​ដឹកនាំ ប្រកបដោយ​ទសពិតរាជធម៌ ។ មួយវិញទៀត​សោត ប្រាសាទខ្មែរ​ក៏​ពាក់ព័ន្ធ​ទៅនឹង​តារាសាស្ត្រ​ដែរ ដូច​ករណី​ប្រាសាទ​បាខែង និង​ប្រាសាទភ្នំរុង​ជាដើម ជា​សក្ខីកម្ម​ស្រាប់ ។ 
​ជាទី​បញ្ចប់ ក្រោ​ពី​ការឆ្លុះបញ្ចាំង ឲ្យ​ឃើញ​នូវ​បច្ចេកទេស​ឯក នៃ​ការសាងសង់​ដ៏​ចំណាន កប់​កំពូល​មក ដែល​តម្រូវ​តាម មនោគមន៍​វិទ្យា​សាសនា បែប   ព្រាហ្មណ៍​និយម ប្រាង្គ​ប្រាសាទខ្មែរ​ទាំងឡាយ ធំក្តី តូចក្តី ដែល​សុទ្ធសឹងតែ​ជាការ​ចម្លង នៃ ស្ថានសួគ៌ ឬ​ទេវស្ថាន​មកលើ​ផែ​ប​ដី គឺជា​អត្ត​សញ្ញា ណ​ជាតិ ។ ព្រោះ​ហេតុ​ដូច្នេះហើយ បានជា​គេ​ចាត់ទុកថា ប្រាង្គ​ប្រាសាទ ទាំងឡាយ គឺជា​ផ្នែក​មួយ​នៃ​ខឿនវប្បធម៌​ដ៏​រុងរឿង​ថ្កើងថ្កាន ដែល​បុព្វការី​ជន​ខ្មែរ​បាន​បន្សល់​ទុកជា​កេរ្តិ៍ដំណែល​ខេ​មរ​ជាតិ ដោយ​ជាក់ច្បាស់ ៕ (​ម​.​ត្រា​ណេ​)