Search This Blog

Wednesday, February 13, 2013

ប្រភេទ​កាក់ នា​សម័យ​នគរ​ភ្នំ នៅ​ព្រះរាជាណាចក្រ​ថៃ និង​កម្ពុជា

សង្ខេប :
​    ​ទោះជា​កំណត់ហេតុ​ខាងក្រោម​នេះ មាន​លក្ខណៈ​មិន​ពេញលេញ​ក្តី ក៏ប៉ុន្តែ នេះ​ជា​លើកដំបូង​ហើយ ដែលមាន​ការសិក្សា​អំពី​រូបិយវត្ថុ​នា​សម័យ​ហ្វូ​-​ណន​។ សូម​រំលឹកថា ហ្វូ​-​ណន គឺជា​ឈ្មោះ​ចិន ហៅថា​ព្រះរាជាណាចក្រ​ខ្មែរ​ដំបូងបង្អស់​។ ការប្រៀបធៀប​កាក់​មួយចំនួន ដែល​គេ​បាន​រកឃើញ​នៅ​អង្គរបុរី និង​អូរ​កែវ​ទៅនឹង​កាក់​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន បង្ហាញ​ឲ្យ​ឃើញថា ការដែល​អ្នកស្រាវជ្រាវ​ថៃ​មួយចំនួន​បានចាត់ទុក​ថា កាក់​ទាំងនោះ​គឺជា​របស់​មន គឺជា​ការមិន​សម​ហេតុផល​ឡើយ​។​
​    ​ដូច្នេះ អ្នកស្រាវជ្រាវ​អាច​យក​លទ្ធផល​នៃ​កំណត់​ហេតុនេះ ដើម្បី​ធ្វើជា​ចំណុច​ជំនួយ​ក្នុងការ​ពិចារណា​ទាក់ទង​ទៅ​និង​រូបិយវត្ថុ នា​សម័យ​នគរ​ភ្នំ​។ ព្រោះថា វា​ជាការ​ខ្វែងគំនិត​គ្នា​រវាង​រូបយើង និង​អ្នកស្រាវជ្រាវ​បរទេស​មួយចំនួន​ផងដែរ​។​

​សេចក្តី​ផ្តើម :
​    ​ជាទូទៅ កាលណា​និយាយ​ពី​រូបី​យ​វត្ថុ​នា​សម័យបុរាណ គេ​ច្រើន​គិតដល់​ជនជាតិ​មន នៃ​នគរ​ទ្វារ​វ​តី ដែលមាន​ទីតាំងនៅ​ម្តុំ​នគរ​បឋម ប្រទេស​ថៃ​បច្ចុប្បន្ន​តែប៉ុណ្ណោះ​។ តាមពិតទៅ មិនមែន​ជនជាតិ​មន​ទេ ដែល​រួម​ឈាមជ័រ​ជាមួយ​ខ្មែរ​ទាំង​ជាតិ​ពិ​ន្ធុ និង​ទាំង​ភាសា (​មន​-​ខ្មែរ​) បាន​និយម​កាក់​ប្រាក់​មុនគេ​បង្អស់​នោះ​។ បើ​យើង​ពិនិត្យ​ប្រភេទ​នៃ​រូបី​យ​វត្ថុ និង​សញ្ញា​និមិត្ត​ទាំងនោះ ដែល​ឆ្លាក់​ពីលើ​ទាំង​ខាង​ផ្ងា និង​ផ្កាប់​ឲ្យ​បាន​ល្អិតល្អន់​បន្តិច យើង​នឹង​ឃើញថា ជនជាតិខ្មែរ​បាន​ចេះ​និយម​កាក់​ប្រាក់ តាម​លំនាំ​នៃ​ប្រទេស​ឥណ្ឌា ជាច្រើន​សតវត្សរ៍​មុន​ជនជាតិ​មន ដែល​រដ្ឋ​ទើបតែ​បដិសន្ធិ​ឡើង នៅ​ពាក់កណ្តាល​ស​.​វ​ទី​៦​នៃ​គ​.​ស ក្រោយពី​អោនភាព​នៃ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​។​
​    ​កំណត់​ហេតុនេះ​ពាក់ព័ន្ធ​ទៅនឹង​រូបី​យ​វត្ថុ​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ​នៃ​វប្បធម៌​ហ្វូ​-​ណន ចែកចេញជា​បី​ចំណុច​សំខាន់​។ ចំណុច​ទី​១ យើង​នឹង​លើក​លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា​មួយចំនួន​មក​បង្ហាញ ដែល​ត្រូវបាន​គេ​រកឃើញ​នៅ​ថៃ​។ ជាពិសេស​ទិន្នន័យ​កាក់​ប្រាក់​ជា​រូបភាព​របស់លោក ឆ​អាម កែវ​គ្រៃ​។ ចំណុច​ទី​២ គឺ​ការសិក្សា​ប្រៀបធៀប​ត្រួសៗ កាក់​ទាំងនោះ​ទៅនឹង​កាក់​មួយចំនួន​បានមកពី​នៅ​ស្ថានីយ​អង្គរបុរី និង​អូរ​កែវ អតីត​កំពង់ផែ​សមុទ្រ​របស់​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​។ ការប្រៀបធៀប​នេះ គឺ​ដើម្បី​ឲ្យ​ដឹងថា តើ​កាក់​ទាំងនោះ មាន​ចំណាស់​ចាស់​ជាង​ស​.​វ​ទី​៦ ដែរឬទេ ដូចដែល​គេ​រមែងតែ​បាន​ប៉ាន់ស្មាន​ដោយ​ភ័ន្តច្រឡំ​?​។ ចំណុច​ចុងក្រោយ ដែលជា​ចំណុច​ទី​៣ គឺ​ការបញ្ជាក់​ឲ្យ​ដឹងថា កាក់​ប្រាក់​ទាំងនោះ ដោយ​កត្តា​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​របស់​ជនជាតិខ្មែ​រ គឺជា​កេរ្តិ៍មរតក​វប្បធម៌​របស់​បុព្វបុរស​ខ្មែរ​យ៉ាង​ប្រាកដ ទោះបីជា​មិន​ស្ថិតក្នុង​បង្គោល​ខណ្ឌសីមា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ក៏ដោយ​។​

១- ទិន្នន័យ​ខាង​បុរាណវិទ្យា :
​    ​តាម​ទស្សនៈ​របស់លោក​សាស្ត្រាចារ្យ ឆ​អាម កែវ​គ្រៃ (Cf. The Silpakorn Journal, Vol. 34, No.2, 1991, pp. 79-85) អ្នក​សិលាចារឹក​វិទូ​ថៃ​ដ៏​សំខាន់​មួយរូប រូបី​យ​វត្ថុ​បុរាណ​ដែល​គេ​បាន​ជួបប្រទះ​ក្នុង​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ហើយ​ដែល​ត្រូវបាន​រូបលោក​យកមក​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​វែង ហើយ​ក្បោះក្បាយ ត្រូវ​ចែកចេញជា​២​សម័យកាល​ធំ​។ ពោលគឺ សម័យកាល​ទី​១ ផ្តើម​ពីស​.​វ​ទី​៦ ដល់​ស​.​វ​ទី​៧ និង​សម័យកាល​ទី​២ ពីស​.​វ​ទី​៦-៧ ដល់​ស​.​វ​ទី​១០ ឬ​ទី​១១​នៃ​គ​.​ស​។​
​    ​លោក​ក៏បាន​បញ្ជាក់ទៀតថា កាក់​ទាំងនោះ​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅតាម​ស្ថានីយ​ប្រវត្តិសាស្ត្រ និង​ទីក្រុង​បុរាណ ដូចជា​នៅ​នគរ​បឋម និង​អ៊ូ​ថង (​ខេត្ត​សុវណ្ណ​ភូមិ​), អ៊ូ​តា​បាវ (​ខេត្ត​ឆ័យ​ណាត​) និង​ក្នុង​ស្ថានីយ​មួយចំនួនទៀត​ក្នុង​ខេត្ត​សិង្ហ​បុរី​ជាដើម​។ លោក​ក៏បាន​កត់​បញ្ជាក់ទៀតថា កាក់​ទាំងនោះ​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​នគរ​បឋម និង​អ៊ូ​ថង​។ ព្រោះថា បើ​ពិនិត្យ​តែ​ទីក្រុង​ចាស់​ទាំងពីរ​នេះ គេ​អាច​សំគាល់​ឃើញ​អត្រា​កាក់​មាន​ចំនួន​ច្រើនជាង​ទីតាំង​ផ្សេង​។​
​    ​ទោះបីជា​កាលបរិច្ឆេទ​នៃ​កាក់​ទាំងនោះ ដែល​លោក​បាន​ផ្សព្វផ្សាយ​ពុំទាន់​ត្រឹមត្រូវ ដូច​លោក​សាស្ត្រាចារ្យ​បានគិត​ឡើយ តែមាន​សារសំខាន់​ជា​អនេក​សម្រាប់​យើង​។ ហេតុនេះ យើង​នឹង​សូម​ភ្ជាប់​រូប​កាក់​ទាំងនោះ​ក្នុង​អត្ថបទ​នេះ ដើម្បី​ជា​ព័ត៌មាន​។ កាក់​ទាំងនោះ ដែល​លោក​បាន​វិភាគ​សិក្សា ទោះជា​ស្ថិតក្នុង​ភូមិភាគ​កណ្តាល ឬ​ខាងត្បូង​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន សុទ្ធសឹង​តែមាន​រូប​នៅ​សងខាង ជួនកាល​ម្ខាង​មាន​ឆ្លាក់​អក្សរ ហើយ​ម្ខាង​ទៀត​មាន​រូប​ជា​សញ្ញា​និមិត្ត​ផ្សេងៗ​
​    ​ជាទូទៅ​ចារឹក​នៅលើ​កាក់​ប្រាក់​ទាំងនោះ ជា​តួអក្សរ​ប​ល្ល​វៈ ជា​ភាសាសំស្ក្រឹត មាន​ជា​អាថ៌ ’​ស្រី​ទ្វារ​វ​តី ស្វរ​បុណ្យ​” ដែលជា​ព្រះនាម​របស់​មហាក្សត្រ​មន និង ស្រី​សុចរិត​ក្រ​ន្ត ដែល​យើង​ពុំ​ស្គាល់​អត្តសញ្ញាណ​ពុំ​ច្បាស់​នៅឡើយ​។ កាក់​ដែលមាន​ព្រះនាម​ស្តេច​មន ស្រី​ទ្វារ​វ​តី មាន​ចំនួន​ច្រើន រីឯ​កាក់​ដែលមាន​ចារ​ព្រះនាម​ស្រី​សុចរិត​ក្រ​ន្ត​នោះ មានតែ​មួយ​ទេ​។ ចំពោះ​សញ្ញា​និមិត្ត​ទាំង​អម្បាល​ដែល​នៅលើ​កាក់​សុទ្ធសឹង​ជា​រូប​គោ​ន​ន្ទិ​ន​, មេគោ និង​កូន​គោ​, ស្រី​វ​ត្យ​, ព្រះអាទិត្យ​រះ​, ធម្ម​ចក្រ​, ថូរ​ទឹក​ប៌ូ​ណ​កលសៈ និង​ខ្យងស័ង្ខ​ជាដើម​។​
​    ​តាម​ទស្សនៈ​របស់លោក ឆ​អាម កែវ​គ្រៃ ក៏ដូចជា​អ្នកនិពន្ធ​ថៃ​មួយចំនួនធំ​ឯទៀត កាក់​ទាំងឡាយ​ដែល​គេ​បាន​រកឃើញ​នៅក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន នៅតាម​បណ្តា​ខេត្ត​នានា ដូចជា​ខេត្ត​នគរ​បឋម សុផាន់​បុរី សិង្ហ​បុរី និង​ឆ័យ​នាត​ជាដើម សុទ្ធសឹងតែ​ជា​រប​ស់នា​សម័យ​ទ្វារ​វ​តី​ពោលគឺ ពីស​.​វ​ទី​៦ ដល់​ស​.​វ​ទី ១០ ឬ​ទី​១១ ហាក់បី​កាក់​ទាំងនោះ​ស្ថិតក្នុង​សម័យកាល​តែមួយ​។ ដូចនេះហើយ​តម្រូវ​ឲ្យ​មាន​ការតាំង​កាលបរិច្ឆេទ​ឡើងវិញ ដើម្បី​ជៀសវាង​នូវ​ភាពច្របូកច្របល់​ផ្នែក​ប្រវត្តិសាស្ត្រ​។​
​ក្នុងករណីនេះ យើង​សូម​លើកយក​រូបភាព​នៃ​កាក់​ទាំងពីរ​ប្រភេទ​នោះមក​បង្ហាញ​ដូចខាងក្រោម :
(Cf. Cha-ame Kaewglai, Inscription on a Dvaravati Silver Coin written in Kharosthi script, “Recent Evidence”, The Silpakorn Journal, Vol. 34, No.2, 1991, pp. 51-57 ; Cf. Cha-ame Kaewglai, “Sri-Dvaravati : A new interpretation &” Ancient Coins in Thailand during the 6th - 10th c. A.D.”, The Silpakorn Journal, op. cit, pp. 48-86)

ក​- កាក់​មកពី​ន​គន​បឋម​, ឆ័យ​ណាត និង​សុផាន់​បុរី ពីស​.​វ​ទី​៦ ដល់ទី​១០ ឬ ១១​នៃ​គ​.​ស​
​ន​គន​បឋម​, ឆ័យ​នាត និង សុផាន់​បុរី (Cf. ឆ​អាម កែវ​គ្រៃ​), សុផាន់​បុរី (Cf. តើ​អាណាចក្រ . . .), (Cf. ម​គ្គុ​ទេសន៍​ខេត្ត​សុខោទ័យ នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​)

​    ​ទន្ទឹមនឹងនេះ ថ្មីៗ​នេះ មាន​អ្នកស្រាវជ្រាវ​ថៃ​ក៏បាន​បញ្ជាក់​អំពី​ប្រភព​ហ្វូ​-​ណន​នៃ​កាក់​ទាំងនោះ ដែល​គេ​បាន​រកឃើញ​នៅ​ទីក្រុង​អ៊ូ​ថង ក៏ប៉ុន្តែ​ជាការ​សោកស្តាយ​បំផុត កាលបរិច្ឆេទ​នៃ​កាក់​នោះ​ក៏​នៅតែ​ពុំបាន​កំណត់​ឲ្យ​បានច្បាស់លាស់​ដដែល​។ (Cf. ព្រឹ​ត្ត​ប​ត្រ សិល្បៈ និង​វប្បធម៌​, ’​តើ​អាណាចក្រ​សុវណ្ណ​ភូមិ​មាន​ពិត​ទេ​ឬ​?”)
​    ​ក្រៅពីនេះ ការស្រាវជ្រាវ​របស់​យើង​ក៏បាន​ដឹង​ទៀតថា កាក់​មួយចំនួន​ដែលមាន​រូប​ព្រះអាទិត្យ និង​ស្រី​វត្ស ក៏​ត្រូវបាន​ជួបប្រទះ​នៅ​ខេត្ត​នគរ​ស្រី​ធម្មរាជ និង​ថ្មីៗ​នេះ​នៅ​ខេត្ត​សុខោទ័យ (Cf. Guide to Sokhothai)​។ នេះ​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​វិសាលភាព​របស់​ទឹកដី​របស់​ហ្វូ​-​ណន នា​សម័យ​រុងរឿង ថ្កើងថ្កាន​។​
(Cf. ប្រវត្តិសាស្ត្រ​បុរាណវិទ្យា នគរ​ស្រី​ធម្មរាជ របស់​ក្រុម​វិចិត្រ​សិល្បករ​ថៃ ព​.​ស ២៥៣២)

​    ​តើ​ការតាំង​កាលបរិច្ឆេទ​នៃ​រូបី​យ​វត្ថុ​ទាំងនោះ​របស់លោក ឆ​អាម ក្រៃ​កែវ ស្របតាម​មតិ​របស់​អ្នកស្រាវជ្រាវ​បារាំង​ខ្មែរ និង​វៀតណាម ឬក៏​អ្នកស្រាវជ្រាវ​ថៃ​មួយចំនួនទៀត​ដែរឬទេ​?
​    ​ដូច​ពោល​ខាងលើ តាម​មតិ​របស់លោក ឆ​អាម កែវ​គ្រៃ ដែលជា​អ្នកជំនាញ​ខាង​សិលាចារឹក​សាស្ត្រ​ថៃ កាក់​ទាំងឡាយ​ដែលមាន​រូប​ព្រះអាទិត្យ (​រះ និង លិច​) និង​សញ្ញា​និមិត្ត​ស្រី​វត្ស គឺ​ស្ថិត​ក្នុងសម័យ​អន្តរកាល​រវាង​ស​.​វ​ទី​៦ និង​ទី​៧​នៃ​គ​.​ស​។ រីឯ​កាក់​ដែលមាន​រូប​ព្រះ​គោ និង​កូន​គោ ព្រមទាំង​ព្រះនាម​ស្តេច​មន ស្រី​ទ្វារ​វ​តី ស្វរ​បុណ្យ សរសេរ​ជា​ភាសាសំស្ក្រឹត ខ​រោ​ស្ថី ក៏មាន​អាយុកាល​ប្រហាក់ប្រហែល​ដែរ​។ ពោលគឺ ត្រូវបាន​ផលិតឡើង​រវាង​ស​.​វ​ទី​៦ និង​ទី​៧​។​
​    ​ខាងលើនេះ គឺជា​ទស្សន​របស់លោក​សាស្ត្រាចារ្យ​ខាងលើ ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​លើ​អ្នក​ប្រវត្តិវិទូ​ថៃ និង​បរទេស​មួយចំនួន​។ តែ​យើង​អាច​យល់ថា ទស្សន​របស់លោក​ក្នុង​បរិបទ​ភូមិសាស្ត្រ និង​វប្បធម៌​បុរាណ​មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ សម្រាប់​សរសេរ​ប្រវត្តិសាស្ត្រ​ដោយហេតុថា វា​គ្រាន់តែ​ជា​អត្ថបទ​ស្រាវជ្រាវ​មួយ​តែប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត ចំពោះ​លោក ឆ​អាម កែវ​គ្រៃ កាក់​ទាំងនេះ​សុទ្ធសឹងតែ​ជាកា​ក់រប​ស់មន​ទាំងអស់​។​
២- ការបកស្រាយ​តាម​បរិបទ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ :
​ដោយ​យល់ឃើញថា បញ្ហា​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​វិស័យ​បុរាណវិទ្យា ដោយហេតុថា នៅក្នុង​អតីត​ទឹកដី​ហ្វូ​-​ណន ដែលមាន​ទឹកដី​ដ៏​ធំ​មហាសាល គេ​ក៏បាន​ជួប​ប្រភេទ​កាក់​ដូចគ្នា ជាពិសេស​នៅក្នុង​ដែនដី​សណ្ត​នៃ​ទន្លេមេគង្គ បច្ចុប្បន្ន​ប្រទេស​វៀតណាម​ខាងត្បូង និង​នៅក្នុង​ប្រទេស​ខ្មែរ​សព្វថ្ងៃ ដូចជា​នៅ​អង្គរបុរី និង​អូរ​កែវ តែ​គេ​បាន​ចាត់ទុកថា ជា​របស់​ខ្មែរ​នា​សម័យ​ហ្វូ​-​ណន​ទៅវិញ​។ ហេតុដូច្នេះ ដោយ​គប្បី​តែ​តម្រូវ​កាលបរិច្ឆេទ​ឡើងវិញ​។​
​ក្នុងចំណោម​អ្នកស្រាវជ្រាវ​បារាំង ដែល​បាន​សិក្សា​អំពី​រូបី​យ​វត្ថុ​បុរាណ នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន លោក ពី​យ៉ែ​រ ឌុយ​ប៉ុង គឺជា​អ្នក​ដែល​បាន​ចាត់ទុកថា កាក់​ទាំងនោះ​ពុំមែន​សុទ្ធសឹង​ស្ថិតក្នុង​សម័យកាល​តែមួយ​នោះទេ ហើយ​ភាគច្រើន​គឺ​សម្មិទ្ធផល​របស់​ហ្វូ​-​ណន មុន​ការបង្កើត​រដ្ឋ​មន ឡើង​នា​ចុង​ស​.​វ​ទី​៦ ដើម​ស​.​វ​ទី​៧​នៃ​គ​.​ស ពោលគឺ​រវាង​ស​.​វ​ទី​៣ និង​ទី​៤ នៃ​គ​.​ស​។ (Cf. P. Dupont, Lìarch–ologie m¥n de Dvaravati, PEFEO)​។​
​    ​យើង​បាន​ចាត់​ការតាំង​បរិច្ឆេទ​នៃ​ការ​លេចធ្លោ​ឡើង​នៃ​រដ្ឋ​មន នៅលើ​ទឹកដី​ហ្វូ​-​ណន ឬ​នគរ​ភ្នំ គឺជា​ការណ៍​មួយ​មិនអាច​ប្រែប្រួល​បានឡើយ ក្នុងការ​សរសេរ​ប្រវត្តិសាស្ត្រ​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​យើង​នេះ តែ​ជា​អកុសល​លទ្ធផល​នៃ​ការស្រាវជ្រាវ​ដោយ​ពឹងផ្អែក​ទាំងស្រុង លើ​ការធ្វើ​កំណាយ​តាម​វិធីសាស្ត្រ​ពុំ​ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទេ​។ ហើយ​ការណ៍​នេះ បានធ្វើ​ឲ្យ​មាន​ភាពច្របូកច្របល់​ក្នុង​ខេ​មរ​វិទ្យា​បច្ចុប្បន្ន ជាពិសេស​ពី​សំណាក់​អ្នក​បុរាណ​វិទូ​ថៃ​។​
​    ​សូមជម្រាបថា ក្នុងការ​ស្រាវជ្រាវ​រប​ស់លោក លូ​អ៊ី ម៉ា​ល្លើ​រេ (Cf. L.Malleret, 1963, Lìarch–ologie du Delta du M–kong, PEFEO) នៅ​ម្តុំ​ដែនដី​សណ្ត​នៃ​ដង​ទន្លេមេគង្គ ក៏មាន​ការចែង​អំពី​ចំណាស់​នៃ​កាក់​ទាំង​នោះដែរ ដែល​លោក​ថែមទាំង​មានការ​សិក្សា​ប្រៀបធៀប​ទៅនឹង​កាក់​របស់​ភូមា​ផង​។ ចំពោះ​លោក​បុរាណ​វិទូ​នេះ កាក់​មាន​រូប​ព្រះអាទិត្យ​រះ និង​សញ្ញា​និមិត្ត​ស្រី​វត្ស ត្រូវបាន​ផលិតឡើង​រវាង​ស​.​វ​ទី​៣ និង​ទី​៥-៦​។ 
​    ​ទាក់ទិន​ទៅនឹង​កាក់​បុរាណ នា​សម័យ​ហ្វូ​-​ណន​ទាំងនោះ លោក​ភិ​រិ​យា ក្រៃ​រិ​ក្ស អ្នក​ប្រវត្តិ​សិល្បៈ​វិទូ​ថៃ ក៏បាន​ឯកភាព​លើ​ការកំណត់​អាយុកាល​របស់​កាក់​ប្រាក់​ទាំង​នោះដែរ ដែល​គេ​បាន​ជួប​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដែល​លោក​បាន​ចាត់ទុកថា ជា​របស់​ចក្រភព​ហ្វូ​-​ណន​។ ដូច​ក្នុង​សៀវភៅ​របស់លោក​ឈ្មោះ ’​ប្រវត្តិ​សិល្បៈ និង​បុរាណវិទ្យា​ប្រទេស​ថៃ​, បាងកក​, ឆ្នាំ ១៩៩០​។​
​    ​សូមជម្រាបថា ក្នុង​រង្វង់​អ្នកស្រាវជ្រាវ​ថៃ​ខាងលើ លោក ភរិយា ក្រៃ​រិ​ក្ស ដែលមាន​ចំណាប់អារម្មណ៍ នឹងសិក្សា​យ៉ាងជ្រៅ​ជ្រះ​ជាងគេ អ្នកស្រាវជ្រាវ​ទាំង​ប៉ុន្មាន​ខាងលើ​។ បើ​និយាយ​ម្យ៉ាងទៀត ចំណេះ​ចេះដឹង​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​កាក់​សម័យ​ហ្វូ​-​ណន ដែលជា​លទ្ធផល​នៃ​ការវិភាគ​សិក្សា​ប្រៀបធៀប​របស់លោក បានរួម​វិភាគទាន​មួយ​យ៉ាងសំខាន់​សម្រាប់​រូបយើង​ក្នុងការ​ស្វែងយល់​អំពី​រូបី​យ​វត្ថុ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​។​
​    ​ជារួម​ពី​ការពិនិត្យ​ផ្ទៀងផ្ទាត់​យ៉ាង​ល្អិតល្អន់​នៃ​ប្រភេទ​កាក់​ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន ជាពិសេស​នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​នេះ យើង​បាន​ចែក​រូបី​យ​វត្ថុ​ទាំងនោះ​ជាច្រើន​សម័យកាល ដោយ​ផ្អែកលើ​ទស្សនៈ​ខាង​ប្រវត្តិសាស្ត្រ​បុរាណ​ជាង​ប្រវត្តិសាស្ត្រ​ទំនើប​បច្ចុប្បន្ន​។ ក៏ប៉ុន្តែ​នៅទីនេះ យើង​គ្រាន់តែ​លើក​ករណី​កាក់​ពីស​.​វ​ទី​២ ដល់​ស​.​វ​ទី​៦ មក​អធិប្បាយ​តែប៉ុណ្ណោះ​។​
៣- ការសិក្សា​ប្រៀបធៀប 
​    ​ដោយ​ផ្អែកទៅលើ​ការសិក្សា​ប្រៀបធៀប​កាក់​បុរាណ​ទាំងនោះ​ទៅនឹង​កាក់​ដែល​គេ​បាន​ជួបប្រទះ​ពីមុន​នៅក្នុង​ដែនដី​សណ្តរ​កម្ពុជា​ក្រោម និង​នៅ​អង្គរបុរី​បច្ចុប្បន្ន និង​ថ្មីៗ​នេះ​នៅក្បែរ​វត្ត​កំពង់ហ្លួង ឧ​ត្តុ​ង្គ ដោយ​រូបភាព និង​ការពិនិត្យ​ជាក់ស្តែង​ផ្ទាល់ យើង​អាច​តាំង​កាលបរិច្ឆេទ​ថ្មី​ឡើងវិញ ដោយ​សំដៅ​ទៅរក​ភាពច្បាស់លាស់​ត្រឹមត្រូវ​ឡើងវិញ ដែល​គេ​បាន​បង្ខូច​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដើម្បី​ឲ្យ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្ត្រ​។​
​    ​អាស្រ័យ​ដោយ​ការសិក្សា​ស្រាវជ្រាវ​មាន​រយៈពេល​ជាង ២៥​ឆ្នាំ ព្រមទាំង​ការតាមដាន​លទ្ធផល​នៃ​កំណាយ​តាម​វិធីសាស្ត្រ ទើប​យើង​សម្រេចបាន​ការកំណត់​អាយុកាល​យ៉ាងពិត​ប្រាកដ​នៃ​រូបិយវត្ថុ​ទាំងនោះ​។ ដូច​លោក ឌុយ​ប៉ុង និង​លោក ប័​រ​ស៊ឺ​លី​យេ កាក់​នៅ​ប្រទេស​ថៃ​ទាំងឡាយ ត្រូវ​ចែកចេញជា​ពីរ​ប្រភេទ កាក់​នា​សម័យ​បុ​រេ​មន ឬ​សម័យ​នគរ​ភ្នំ ពីស​.​វ​ទី​២-៦ និង​៧ និង​សម័យ​មន ឬ​សម័យ​ទ្វារ​វ​តី (​ពិស​.​វ​ទី​៦ ដល់​ស​.​វ​ទី​១៣)​។ 
(១-៣) កាក់​ប្រាក់ សម័យ​នគរ​ភ្នំ (​សារមន្ទីរ​អង្គរបុរី​), (៤) កម្ម​សិទ្ធ​អ្នកស្រុក អង្គរបុរី (​ម​.​ត ២០១២) និង (៥-៧) អូរ​កែវ (Cf. ឡេ ធី លាន និង ម៉ា ល្លើ​រេ​)

​    ​ដូច​ពោល​នៅ​ខាងលើ​ស្រាប់ កាក់​រូប​ព្រះអាទិត្យ​រះ និង​សញ្ញា​ស្រី​វត្ស ដែល​ត្រូវបាន​ផលិត​ហើយ​ប្រើប្រាស់​ជា​រូបី​យ​វត្ថុ ហើយ​ដែល​គេ​ត្រូវបាន​រកឃើញ​នៅតាម​ស្ថានីយ​មួយចំនួន នៅ​អង្គរបុរី​, អូរ​កែវ និង អ៊ូ​ថង​ជាដើម ពុំ​អាច​ដោះស្រាយ​ពន្យល់បាន​តាម​បរិបទ​វប្បធម៌​មន​ឡើ​យ្ ការប្រើប្រាស់​កាក់​ទាំងនោះ ពុំមែន​ស្ថិត​ក្នុងសម័យ​វប្បធម៌​មន​ទេ ក៏ប៉ុន្តែ​ស្ថិតក្នុង​បរិបទ​វប្បធម៌​ខ្មែរ​នា​សម័យ​នគរ​ភ្នំ ហើយ​ត្រូវបាន​បន្ត​រហូតដល់​ស​ម័​យម​ន នៅលើ​ទឹកដី​ហ្វូ​-​ណន​។ ដោយហេតុថា ជនជាតិ​ចិន​មិនបាន​និយាយ​ដល់​នគរ​ទ្វារ​វ​តី​មុន​ស​.​វ​ទី​៦-៧​ឡើយ​។ ព័ត៌មាន​ទាំងឡាយ​ដែល​បាន​ចារ​ក្នុង​កលប្ប​វត្ត​ចិន ដោយ​កាំ​ង ថៃ និង​យូ ជិន ពាក់ព័ន្ធ​ទៅនឹង​ហ្វូ​-​ណន​សឹងតែ​ទាំងអស់​។ ដូច្នេះហើយ​បានជា​យើង​គិតថា ទស្សនៈ​របស់លោក ឆ​អាម កែវ​គ្រៃ មិន​សម​ហេតុផល​ទាល់តែសោះ ពោលគឺ​ខុស​ទាំ​ស្រុង​។ មួយវិញទៀត មាន​លក្ខណៈ​ខ្សត់ខ្សោយ​មិន​ពេញលេញ តាមពិតទៅ សុទ្ធសឹងតែ​គេ​ពុំបាន​ស្គាល់​ប្រភព​នៃ​កាក់​ទាំងនោះ​ឲ្យ​ច្បាស់លាស់​ទេ​។ ត្រង់នេះ យើង​ចង់​និយាយថា កាក់​ប្រាក់​ទាំងនោះ​ពុំ​ត្រូវបាន​ជួបប្រទះ​តាមរយៈ​ការធ្វើ​កំណាយ​តាម​វិធីសាស្ត្រ​នោះទេ ហើយ​ដោយសារតែ​ស្ថិតនៅ​ក្រៅ​ស្រទាប់​វប្បធម៌ ទើប​ការបកស្រាយ​របស់លោក​នាំមក​នូវ​ភាព​ច្របូក​ច្រ​ល់ ឬមួយ​ក៏​លោក​ឈរលើ​មូលដ្ឋាន​ជាតិនិយម​ជ្រុល​ពេក​។​
(១-៤)- កាក់​មាន​ព្រះនាម​ព្រះបាទ​ស្រី​ទ្វារ​វ​តិ​ស្វរ​បុណ្យ និង (៥-១០) កាក់​មាន​ចារ​អក្សរ​ខ​រា​ស្ថី និង ប​ល្ល​វៈ អង្គរបុរី សារមន្ទីរ​ជាតិ​ពិ​ន្ធុ​វិទ្យា​ទួលគោក (​ម​.​ត ១៩៩៥)

​កាក់​នា​សម័យ​វប្បធម៌​មន នៅ​នគរ​បឋម ពីស​.​វ​ទី​៦ ដល់​ស​.​វ​ទី​១០ ក៏​ដូច​កាក់​នៅក្នុង​សម័យ​វប្បធម៌​ហ្វូ​-​ណន ភាគច្រើន​ម្ខាង​មាន​សញ្ញា​បូ​ណ៌​កលសៈ (​ថូផ្កា​) និង​ម្ខាង​ទៀត​ចារ​ពាក្យ ស្រី​ទ្វារ​វ​តី​ស្វរៈ​បុណ្យ ដែល​មានន័យថា ’‘​បុណ្យ​កុសល​របស់​ព្រះមហាក្សត្រ​ទ្វារ​វ​តី​។ ដោយឡែក ដូច​ពោល​ខាងលើ​ជួនកាល​មាន​សញ្ញា​ធម្ម​ចក្រ និង​ចារឹក​សំស្ក្រឹត​ស្រី​សុចរិត​ក្រាម ឬក៏​ល​វ​បុ​រៈ នៅ​ខេត្ត​លពបុរី​។​
​    ​កាក់​បុរាណ​ទាំងនោះ​ស្ថិតក្នុង​អម្លុង​ចុង​ស​.​វ​ទី​៧ ដើម​ស​.​វ​ទី​១០-១១ តែ​សរសេរ​ជា​អក្សរ​ខ​រោ​ស្តី តាម​លំនាំ​អក្សរ​ឥណ្ឌា ដែល​សរសេរ​ពីស្តាំ​ទៅ​ឆ្វេង ប្រើ​ចូលទៅ​ភូមិភាគ​ខាងជើង ឆៀង​ខាងលិច (​ពាយ័ព្យ​) និង​ភូមិភាគ​កណ្តាល​។ ដូច​ពោល​ខាងលើ ទន្ទឹមនឹងនេះ ប្រភេទ​កាក់​នេះ​ក៏​ត្រូវបាន​ជួបប្រទះ​នៅ​ខេត្ត​ឆ័យ​នាត​។ តាមរយៈ​សេចក្តីសន្និដ្ឋាន​របស់​អ្នកឯកទេស​ថៃ កាក់​ទាំងនោះ​ស្ថិតក្នុង​ស​.​វ​ទី​៦ និង​ទី​៧ នៃ​គ​.​ស​។ យើង​ក៏បាន​ជួប​ប្រភេទ​កាក់​នេះ នៅ​អូរ​កែវ អង្គរបុរី និង​នៅ​ឧ​ត្តុ​ង្គ​ផងដែរ​។ តែ​បញ្ហា​ដែល​ចោទឡើង​នៅទីនេះ គឺថា តើ​កាក់​ដែលមាន​សញ្ញា​ស្រី​វត្ស គោ​ន​ន្ទិ​ន និង​មាន​រូប​ព្រះអាទិត្យ នៅ​អូរ​កែវ អង្គរបុរី មាន​អាយុកាល​ដូច​កាក់​នៅក្នុង​ប្រទេស​ថៃ​ដែរឬទេ​? តើ​ព្រះមហាក្សត្រ​ដែលមាន​ព្រះនាម​ថា ស្រី​ទ្វារ​វ​តី​នៅទីនេះ មាន​ទំនាក់ទំនង​យ៉ាងដូចម្តេច​ទៅនឹង​ស្តេច​ទៅនឹង​ស្តេច​ស្រី​ទ្វារ​វ​តី នៅ​នគរ​បឋម និង​ឆ័យ​នាត​?​។​
​    ​លើសពីនេះ​ទៀត ក្នុងចំណោម​កាក់​នា​សម័យអង្គរ នៅ​អង្គរបុរី គេ​ក៏​ឃើញ​មាន​កាក់​ខ្លះ​មាន​ប្រថាប់​ព្រះនាម​ជា​ភាសាសំស្ក្រឹត​ថា ស្រី​ទ្វារ​វ​តី ស្វរ​បុណ្យ​ធ្វើំ​ពី​មាស និង​សំណ ឬ​ស្ពាន់​មួយចំនួន​ផងដែរ​។ 
​    ​សូមជម្រាបថា នៅ​ខេត្ត​ឆ័យ​នាត​, សុផាន់​បុរី​, នគរ​បឋម​, សិង្ហ​បុរី ភាគច្រើន គឺជា​កាក់​ប្រាក់​មាន​រូប​ស័ង្ខ និង​សញ្ញា ស្រី​វត្ស នៅ​កណ្តាល​អមដោយ​ព្រះ​ច័ន្ទ និង​ព្រះអាទិត្យ​ពីលើ សងខាង​មាន​សញ្ញា​វ​ជ្រ ហើយ​នៅ​ខាងក្រោម​មាន​សញ្ញា​ត្រី​។ ដូច​កាក់​នៅ​អង្គរបុរី កាក់​ទាំងនោះ ពិតជា​មាន​អាយុ​តិចជាង​កាក់​រូប​ព្រះអាទិត្យ​រះ​មួយ​កំណាត់ និង​ស្រី​វត្ស​។​
​    ​ខាងលើនេះ មានន័យថា កាក់​ទាំងនោះ​មិនមែន​សុទ្ធសឹងតែ​ស្ថិតក្នុង​សម័យ​វប្បធម៌​មន​ទ្វារ​វ​តី​តែ​ម្យ៉ាង​នោះទេ ក៏ប៉ុន្តែ​ក្នុងសម័យ​មុន​មន ឬ​ហ្វូ​-​ណន ដូចដែល​អ្នកប្រាជ្ញ​ថៃ​មួយចំនួន​តូច​បានទទួល​ស្គាល់​។ សំខាន់​ជាងនេះទៅទៀត គឺ​រូបិយវត្ថុ​មន​ទាំងនោះ​សុទ្ធសឹងតែ​ត្រូវបាន​ផលិតឡើង​តាម​លំនាំ​នៃ​កាក់​សម័យ​នគរ​ភ្នំ ឬ​ហ្វូ​-​ណន​ទាំងអស់​។ លោក ម៉ា​ល្លើ​រេ ដែល​បាន​ពិនិត្យ​កាក់​មួយចំនួន​នៅ​ម្តុំ​អូរ​កែវ ដែលមាន​អាយុកាល​ដូច​កាក់​នៅ​ប្រ​ទស​ថៃ និង​នៅ​ភូមិភាគ​ខាងត្បូង​ប្រទេស​ថៃ ប្រទេស​ភូមា បច្ចុប្បន្ន បាន​ទទួលស្គាល់ថា កាក់​ទាំងនោះ គឺជា​កាក់​របស់​ហ្វូ​-​ណន​។​
​    ​តើ​ក្នុងករណីនេះ យើង​អាច​ចាត់ទុក​តទៅទៀត​បានដែ​រ​ឬទេ ថា​កាក់​ទាំងអស់​ដែល​បាន​រកឃើញ​នៅ​កម្ពុជា និង​អតីត​កម្ពុជា​ក្រោម​ថា ជា​រប​ស់មន ក្នុងខណៈដែល​តំបន់​នេះ​ពុំ​ធ្លាប់មាន​សហគមន៍​មន​រស់​នៅឡើយ​?​។​
​    ​ជារួម ការសិក្សា​អំពី​កាក់​នា​សម័យ​នគរ​ភ្នំ នៅ​ប្រទេស​កម្ពុជា និង​នៅក្នុង​ដែនដី​សណ្ត​អូរ​កែវ អាចជួយ​យើង​កែតម្រូវ​ទស្សនៈ​ខុសឆ្គង អ្នកស្រាវជ្រាវ​ថៃ​មួយចំនួន​ហើយ យល់ដឹង​អំពី​អាយុកាល​នៃ​កាក់​ទាំងនោះ​ដោយ​សុ​ក្រិត​ភាព​។ តាមពិតទៅ ការដែល​មិនដឹង​ច្បាស់​អំពី​កាលបរិច្ឆេទ​នៃ​កាក់​ទាំងនោះ គួបផ្សំ​នឹង​គំនិត​ជាតិ​ជ្រុលនិយម​បានធ្វើ​ឲ្យ​ការស្រាវជ្រាវ​ខាង​បុរាណវិទ្យា​នៅ​ប្រទេស​ថៃ ស្ថិតក្នុង​ភាពច្របូកច្របល់​។ 
​    ​សូម​រំ​ឮ​កថា កាក់​នៅ​ម្តុំ​អូរ​កែវ ដែលមាន​សញ្ញា​និមិត្ត​ស្រី​វត្ស​ត្រូវបាន​សិក្សា​ដោយ​លោកស្រី ឡេ ធី​លាង ស្ថិតក្នុង​អន្តរកាល​រវាង​ស​.​វ​ទី ២ និង​ទី​៦​។ សូមបញ្ជាក់ថា នៅ​ប្រទេស​ឥណ្ឌា សញ្ញា​និមិត្ត​ខាងលើនេះ​ត្រូវបាន​ឆ្លាក់​លើ​ចម្លាក់​ព្រះ​ពុទ្ធបាទ​មួយគូ​នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ​នា​ស​.​វ​ទី​២ និង​ទី​៣ នៃ​គ​.​ស​។​
​    ​ជាទី​បញ្ចប់ អ្វីដែល​គេ​បាន​រកឃើញ​នៅក្នុង​ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន មិនមែន​សុទ្ធសឹងតែ​ជា​របស់​ខ្មែរ​ទាំងអស់​នោះទេ ហើយ​វា​ក៏​មិនមែនជា​កម្ម​សិទ្ធ​របស់​មន​ដែរ​។ មានន័យថា វត្ថុ​ខ្លះ​ជា​របស់​ខ្មែរ ហើយ​ខ្លះទៀត វា​ជា​រប​ស់មន តាម​ដំណាក​ល​វិវត្តន៍​នីមួយ​នៃ​ប្រវត្តិសាស្ត្រ​។ កុំភ្លេចថា ប្រវត្តិសាស្ត្រ​គឺជា​ការតាំង​កាលបរិច្ឆេទ បើ​ពុំ​ដូច្នោះ​ទេ​មិនមែនជា​ប្រវត្តិសាស្ត្រ​ទេ​។​
​ជា​ព័ត៌មាន​សូម​ជ្រាបថា ការធ្វើ​កំណាយ​កាលពី​ឆ្នាំ ២០០៣ នៅលើ​ទីតាំង​តូច​មួយ​នៃ​សាលារៀន ហរ ឯក​វិទ្យា នៅក្នុង​បរិវេណ​នៃ​ទីក្រុង​នគរ​បឋម (​ន​គន​បៈឋម​) បាន​ឲ្យ​ដឹងថា​ទីក្រុង​ទ្វារ​វ​តី​ត្រូវបាន​កាន់កាប់​ចាប់តាំងពី​ស​.​វ​ទី​៣-៦ នៃ​គ​.​ស (​សម័យមុន​ទ្វារ​វ​តី​) រហូតដល់​ពាក់កណ្តាល​ស​.​វ​ទី ១០​នៃ​គ​.​ស (​ក្រោយ​សម័យ​ទ្វារ​វ​តី​)​។ តាម​ប្រសាសន៍​របស់លោក​សារិត​ពង់ ឃុន​សង ’It can also be observed that as the evidences are, by and large, diverse, damaged and broken, this site might be a dumping ground for unwanted materials. On the other hand, it can be inferred that traces of continuous occupation dating to circa the 3rd - 6th century (late Dvaravati time) are found at the Hor-Ek site (Cf. Saritpong Khunsong, ’The Hor-Ek Archaeological Site at the Ancient City of Nakhon Pathom : Results of the Excavation and Dating, Muang Boran Journal, Vol.37 No.1, Jan-March, 2011)​។​
​    ​មានន័យថា កាក់​ទាំងឡាយ​ដែល​គេ​បាន​ជួបប្រទះ​នៅ​ទីក្រុង​មន ឈ្មោះ​ទ្វារ​វ​តី ត្រូវបាន​ចែកចេញជា​ពីរ​សម័យ​ធំៗ​គឺ សម័យមុន​មន ពីស​.​វ​ទី​៣-៦ នៃ​គ​.​ស ដែល​ស្ថិតក្នុង​សម័យកាល​ចក្រភព​ហ្វូណន ឬ​នគរ​ភ្នំ និង​សម័យ​មន ទ្វារ​វ​តី ដែល​ស្ថិត​ពីស​.​វ​ទី​៦-១០ និង​ទី​១១​នៃ​គ​.​ស​។ ជា​អវសាន យើង​ក៏​សូមបញ្ជាក់​ផងដែរ​ថា កាក់​នា​សម័យ​នគរ​ភ្នំ​ក៏​ត្រូវបាន​ជួបប្រទះ​នៅ​ខេត្ត​សិង្ហ​បុរី អូរ​កែវ កម្ពុជា​ក្រោម​បច្ចុប្បន្ន និង​អង្គរបុរី ព្រមទាំង​នៅ​ប្រទេស​ភូមា​។ យ៉ាងណាមិញ ការសិក្សា​ប្រៀបធៀប​អំពី សញ្ញា​និមិត្ត​ពិសិដ្ឋ មួយចំនួន​ដូច​ករណី​សញ្ញា​និមិត្ត​ស្រី​វត្ស ដែល​ត្រូវបាន​ឆ្លាក់​នៅលើ​កំពូល​ព្រះ​ចេ​ត្យី និង​ព្រះ​ពុទ្ធបាទ​របស់​ព្រះសម្មាសម្ពុទ្ធ​អង្គ នា​ដើម​ស​.​វ​ទី​២-៣​នៃ​គ​.​ស ដូច​ទើប​ពោល នៅ​ភូមិភាគ​ខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​ក៏​អាច​បញ្ជា​ក់នូវ​ភាពត្រឹមត្រូវ​របស់​នៃ​ការតាំង​កាលបរិច្ឆេទ​នៃ​កា​ក់នា​សម័យ​នគរ​ភ្នំ​ក្នុងដំណាក់កាល​ទី​១​ផងដែរ​(Cf. មើលរូប​ភាព​)​។​
ព្រះ​ពុទ្ធបាទ និង កំពូល​នៃ​ព្រះ​ចេ​ត្យី​ឥណ្ឌា នា​.​វ​ទី​២-៣ នៃ​គ​.​ស ដែលមាន​សញ្ញា​ស្រី​វត្ស ជា​គ្រឿង​លម្អរ (​ឯកសារ បារាំង​)

​យោងតាម​ទិន្នន័យ​បុរាណវិទ្យា ជា​សេចក្តីសន្និដ្ឋាន ចំពោះ​យើង​តែងតែ​ជឿថា ផ្តើមចេញ​ពីស​.​វ​ទី​១ និង​ទី​២ នៃ​គ​.​ស កាក់​ប្រា​ក់នៅ​នគរ​ទ្វារ​វ​តី មិនមែន​សុទ្ធសឹងតែ​ជា​របស់​មន​នោះទេ ថ្វិ​ត្បិតតែ​អ្នកស្រាវជ្រាវ​ថៃ និង​បរទេស​មួយចំនួន ដែល​យល់​តាម​ការបកស្រាយ​របស់លោក ឆ​អាម កែវ​គ្រៃ​។ ពិត​ហើយ​ថា កាក់​ទាំងនោះ​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត​នគរ​បឋម និង​សុផាន់​បុរី ប្រទេស​ថៃ​បច្ចុប្បន្ន ដែល​អ្នកស្រាវជ្រាវ​ថៃ ចាត់ទុកជា​ទឹកដី​របស់​នគរ​មន ទ្វារ​វ​តី​ក៏​មែនពិត ក៏ប៉ុន្តែ ដោយសារតែ​នគរ​ទ្វារ​វ​តី​ទើបតែ​ត្រូវបាន​ប្រសូត​ឡើង​នៅ​ចុង​ស​.​វ​ទី​៦ ដើមទី​៧​តែប៉ុណ្ណោះ នៅលើ​ទឹកដី​ចាស់​របស់​ហ្វូ​-​ណន​។ ការដែល​មើលរំលង​នូវ​បរិបទ​ភូមិសាស្ត្រ​ជា​ប្រវត្តិសាស្ត្រ​នៃ​ហ្វូ​-​ណន​ខាងលើ​នេះហើយ ដែល​បាន​នាំមក​នូវ​ភាពច្របូកច្របល់ ហើយ​វា​ក៏​ជា​ចំណុចខ្សោយ​នៃ​អំណះអំណាង​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​របស់​អ្នកស្រាវជ្រាវ​ថៃ​មួយចំនួន​ដែរ​។ ម្យ៉ាងវិញទៀត យើង​នៅតែ​មិនទាន់​ដឹង​នៅឡើយ​ថា កាក់​នៅ​អង្គរបុរី ដែល​ចារ​ព្រះនាម​របស់​ព្រះមហាក្សត្រ​ស្រី​ទ្វារ​វ​តី​ពីលើ ជាប់​ពាក់ព័ន្ធ ឬ​មិន​ពាក់ព័ន្ធ​ទៅនឹង​ព្រះមហាក្សត្រ​នៅ​នគរ​បឋម​? ហើយ​តើ​មាន​ក្នុង​កម្រិតណា​ដែរ​?៕ (​ម​.​ត្រា​ណេ​)