Search This Blog

Monday, February 11, 2013

និមិត្ត​រូបភាព​នៃ​ព្រះ​រាជធានី​ភ្នំពេញ


​ចាប់តាំងពី​សម័យអង្គ​រ ជនជាតិ​ថៃ​ដែល​បាន​កាន់កាប់​ខេត្ត​សុខោទ័យ​ អយុធ្យា និង​ខេត្ត​ដទៃៗ​មួយចំនួន​ឯទៀត របស់​ដែនដី​ខ្មែរ​បុរាណ​បាន​វាយ​លុកលុយ​ឈ្លានពាន​ព្រះរាជាណាចក្រ​កម្ពុជា​មិន​ឈប់ឈរ ជាហេតុ​បង្ខំ​ព្រះទ័យ​ព្រះមហាក្សត្រ​ខ្មែរ ឲ្យ​ចាក​ចេញពី​ព្រះរាជ​ធានី​អង្គរ​ដ៏​បវរ​មក​តាំងនៅ​ទួល​បា​សាន​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​ជនអន្តោប្រវេសន៍​ថៃ​ទន្ទ្រាន​ទឹកដី​ខ្មែរ មិន​ឈប់ឈរ​នោះ គឺ​បណ្តាលមកពី​ពួកគេ​ចង់យក​ទឹកដី​ខ្មែរ និង​ដាក់​ជា​ចំណុះ​។ មិនតែប៉ុណ្ណោះ​សោត​ក្នុង​សង្គ្រាម​ជាមួយ​ខ្មែរ ទ័ព​ថៃ​រមែងតែ​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋបាល​នយោបាយ សេដ្ឋកិច្ច សាសនា ខ្មែរ​ដល់​ឫសគល់​ទៀតផង​។ ម្យ៉ាងវិញទៀត​អស្ថិរភាព​នយោបាយ​សង្គម និង​កំហូច​ប្រព័ន្ធធារាសាស្ត្រ​ស្ថិតនៅ​ជុំវិញ​ព្រះរាជ​ធានី​អង្គរ គួបផ្សំ​នឹង​ការ​កេណ្ឌ​ប្រជាជន​ខ្មែរ​ដឹក​ទៅ​ប្រទេស​ថៃ ធ្វើជា​ឈ្លើយសឹក បានធ្វើ​ឲ្យ​ព្រះរាជ​ធានី​អង្គរ​ក្លាយទៅជា​តំបន់​រហោឋាន និង​ប្រកបដោយ​គ្រោះ​ទុរ្ភិក្ស​។​
​    ​ស្ថិតក្នុង​ភាពបរាជ័យ​ដ៏​ល្វីង​ជូរចត់​នៃ​ប្រវត្តិសាស្ត្រ​នេះហើយ ទើប​នៅ​ឆ្នាំ ១៤៣១ ព្រះ​បរម​រាជា​ទី​២ ឬ​ព្រះបាទ​ពញាយ៉ាត បង្ខំ​ព្រះទ័យ​ជម្លៀស​ចេញពី​រាជ​ធា​តី​អង្គរ​តាម​ផ្លូវទឹក ដើម្បី​តាំង​ព្រះរាជ​ធានី​ថ្មី​មួយ​នៅ​ទួល​បា​សាន​ស្រី​ស​ឈរ ឬ​ស្រី​សន្ធរ​នៅ​ខេត្តកំពង់ចាម​។ តែដោយសារ​តំបន់​នេះ​ទាប​ពេក​ងាយ​លិច​ដោយ​ទឹកជំនន់​ទន្លេមេគង្គ​នា​រដូវវស្សា ទើប​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ បាន​ផ្លាស់​ទីតាំង​ព្រះរាជ​ធានី​ជាថ្មី​ម្តងទៀត ដើម្បី​មក​តាំ​នៅឯ​ចតុមុខ​វិញ​នៅ​ឆ្នាំ ១៤៣៤ បច្ចុប្បន្ន​ភ្នំពេញ​។ ទីតាំង​នៃ​ព្រះរាជា​ធានី​ថ្មី​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ឈ្មោះ ’​ទីក្រុង​ចតុមុខ​មង្គល​មហានគ​រ​” មិនមែន​ជាការ​ចៃដន្យ​នោះទេ ក៏ប៉ុន្តែ​ប្រកបដោយ​គតិបណ្ឌិត​ក្រៃលែង​បំផុត​។​
ព្រះបរមរាជវាំង និង​សួនច្បារ​តាម​មាត់ទន្លេ (​រូបភាព​របស់​សាលាក្រុង​ភ្នំពេញ​)

​    ​ម្យ៉ាងវិញទៀត បើ​យើង​ធ្វើការ​វិនិច្ឆ័យ​ដោយ​ផ្អែកលើ​ភូមិសាស្ត្រ យើង​នឹង​អាច​កត់សម្គាល់​ព្រះរាជ​ធានី​ថ្មី ស្ថិតនៅ​ខាងកើត​ទន្លេសាប គឺជា​តំបន់​មាន​អំណោយផល​ធម្មជាតិ​គ្រប់​វិស័យ និង​សមស្រប​តាម​ទស្សនៈ​មនោគមន៍វិជ្ជា​សាសនា​យ៉ាង​ប្រាកដ មិន​ខុសប្លែក​ប៉ុន្មាន​ពី​រាជធានី​សោធ​បុ​រៈ ឬ​អង្គរបុរី​នោះទេ​។​
​    ​មានន័យថា ដូច​ទីក្រុង​សម័យមុនៗ ទីក្រុង​ចតុមុខ ដែល​ត្រូវបាន​សាងសង់ឡើង​តាម​ក្រឹត្យក្រម​នៃ​លោកធាតុ​វិទ្យា​បែប​ព្រហ្មញ្ញសាសនា ទាមទារ​ឲ្យ​មានការ​ជ្រើសរើស​ទីតាំង​សមស្រប​មួយ​តាម​ប្រពៃណី​ដូនតា​បុរាណ ដូចជា​វត្តមាន​នៃ​ដង​ទន្លេ តំណាង​ឲ្យ​ទន្លេ​គង្គា​នៅ​ឥណ្ឌា និង​ភ្នំ​តំណាង​ឲ្យ​ភ្នំ​សុមេរុ​ជាដើម​។ អ្វីមួយ​ដែល​ស្ថានភាព​នៃ​ភូមិសាស្ត្រ​ថ្មី​នៃ​ទីក្រុង​ភ្នំពេញ​បាន​ឆ្លើយតប​ជា​ស្ថាពរ​។ ស្ថិតនៅ​ខាងជើង​ផ្សារ​ចាស់​ព្រះបរមរាជវាំង​សព្វថ្ងៃ មិន​គ្រាន់តែ​ស្ថិតនៅត្រង់​ប្រសព្វ​មុខ​នៃ​ទន្លេ​ទាំង​៤ ដែល​តំណាង​ឲ្យ​ទន្លេ​ទាំងឡាយ​ដ៏​ពិសិដ្ឋ​នៃ​ជម្ពូទ្វីប​តែប៉ុណ្ណោះ​ទេ ដោយមាន​ទួល​វត្តភ្នំ​ដូនពេញ​ដែល​ចន្ទល់​នៃ​ចក្រវាល ផ្នែក​និមិត្តរូប​និយមនៃ​ភ្នំ​សុមេរុ ដែល​ព្រះបាទ​ពញាយ៉ាត​បាន​ប្រសិទ្ធ​នាម​ថ្មី​ថា វត្ត​ព្រះ​ចេតិយ​បព​ត៌ និង​ធ្លាប់ជា​ទីកន្លែង​ដ៏​ស័ក្តិសិទ្ធិ​បំផុត​តាំងពី​បុរាណកាល​ថែម​ទៀតផង​។​
​    ​ព្រះបរមរាជវាំង​ថ្មី​ធ្វើ​អំពី​ឈើ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រាង្គ​ប្រាសាទ​នា​សម័យអង្គរ​មួយ ហើយ​សព្វថ្ងៃ​ស្ថិតក្នុង​បរិវេណ​នៃ​វត្ត​ឧណ្ណាលោម ដែលមាន​ចេតិយ​ធំ​មួយ​។ វាំង​ស្តេច​នេះ​មិនមែនជា​លំនៅស្ថាន​របស់​ព្រះរាជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​គឺជា​ព្រះរាជ​ធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ផងដែរ​។ ហើយ​នា​ជំនាន់​នោះ រាជធានី​ភ្នំពេញ​នៅ​រក្សាបាន​លក្ខណៈ​ដើម​នៃ​ទីក្រុង​បុរាណ​នៅឡើយ ពីព្រោះ​ជា​ស្ថាប័ន​រដ្ឋអំណាច​គ្រប់គ្រង ដោយ​ព្រះមហាក្សត្រ ហើយ​វា​ក៏​ជា​មណ្ឌល​ពាណិជ្ជកម្ម​ជាតិ អន្តរជាតិ​សេដ្ឋកិច្ច នយោបាយ សង្គម​សាសនា និង​ការទូត​ផងដែរ ជាពិសេស​ក្រោយពី​ការជីក​ព្រែក ប្រឡាយទឹក សាងសង់​ផ្លូវ​គមនាគមន៍ និង​វត្ត​អារាម​មួយចំនួន​ថ្មី​ថែមទៀត​។​
​    ​យើង​អាច​និយាយបានថា ការកសាង​ទីក្រុង​ភ្នំពេញ គឺជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជនជាតិខ្មែរ ក៏ប៉ុន្តែ​មុន​ឆ្នាំ ១៤៣៤ តំបន់​នេះ គឺជា​ផ្នែក​មួយ​នៃ​ដែនដី​ខ្មែរ​បុរាណ ដែល​ធ្លាប់​ស្គាល់​នូវ​ភាពរុងរឿង​ថ្កើងថ្កាន​មកហើយ តាំងពី​សម័យ​បុ​រេ​អង្គរ និង​អង្គរ​មកម្ល៉េះ​។ ប្រាកដ​ណាស់ ភស្តុតាង​សំខាន់ៗ​បំផុត​នៃ​វឌ្ឍនភាព វប្បធម៌​សង្គម​ខ្មែរ គឺ​ស្លាកស្នាម​វិស័យ​ស្ថាបត្យកម្ម​ប្រាង្គ​ប្រាសាទ និង​សិល្បៈ​បុរាណ​ស្ថិត​ជុំវិញ​ទីប្រជុំជន​ដ៏​សំខាន់​នេះ​។ 
​    ​ម្យ៉ាងវិញទៀត ថ្មី​ត្បិតតែ​ការជ្រើសរើស​ទីតាំង​ដ៏​សំខាន់​នេះ បណ្តាលមកពី​កត្តានយោបាយ​ក៏​មែនពិត ក៏ប៉ុន្តែ​តែងតែ​ពាក់ព័ន្ធ​ទៅនឹង​មូលហេតុ​សាសនា​ផងដែរ ក្នុង​បរិបទ​វប្បធម៌​ខ្មែរ​។ ក្នុងន័យ​នេះហើយ ទើប​ទីក្រុង​ភ្នំពេញ និង​ព្រះបរមរាជវាំង​បាន​រក្សា​នូវ​ភាព​ស័ក្តិសិទ្ធិ​របស់​ព្រះរាជ​ធានី និង​ព្រះបរមរាជវាំង​សម័យ​មហានគរ​៕ (​ម​.​ត្រា​ណេ​)

សំណេរ​ចិន នា​សម័យ​ដំបូងបង្អស់​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ

​ទំនាក់ទំនង​រវាង​ចិន និង ខ្មែរ​បាន​ផ្តើមឡើង​តាំងពី​សម័យមុន​ប្រវត្តិសាស្ត្រ ពោលគឺ​តាំង​ពីមុន​ការបង្កើត​នៃ​រដ្ឋ​ហ្វូ​-​ណន​មកម្ល៉េះ ក៏ប៉ុន្តែ​ទើបតែ​មាន​សន្ទុះ​យ៉ាងខ្លាំង​ក្លា​បំផុត ចាប់តាំងពី​មុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច​តែប៉ុណ្ណោះ​។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា សំណេរ​ចិន​ស្តីពី​ប្រវត្តិសាស្ត្រ​ខ្មែរ ចែកចេញជា​ច្រើន​សម័យ​កាល តែ​ឯកសារ​សំខាន់​ជាងគេ ដែល​គេ​អាច​ចាត់ទុកថា ជា​មូលដ្ឋានគ្រឹះ គឺ​ស្ថិតនៅក្នុង​រាជវង្ស​ហាន់ ខាងលិច ប្រមាណ​ជា ១០០​ឆ្នាំ មុន​គ​.​ស និង ១០០​ឆ្នាំ នៃ​គ​.​ស និង​ក្នុងសម័យ​រាជវង្ស​វ៉ូ (២២០-២៨០​នៃ​គ​.​ស​)​
១- សម័យ​រាជវង្ស​ហាន់ ខាងលិច​
​សម័យនេះ គឺជា​សម័យមុន​ការបង្កើត​រដ្ឋ​ហ្វូ​-ណន​បន្តិច ហើយ​ជា​សម័យ​ចាស់​ជាងគេ​បំផុត​។ តាំងពី​អតីតកាល​ដ៏​យូរលង់​មក​មិន​ថា ក្នុង​បរិបទ​សង្គម​វប្បធម៌​ណា ឬ​រជ្ជកាល​របស់​ព្រះមហាក្សត្រ​អង្គណា​ទេ ជនជាតិ​ចិន​តែងតែ​ខិតខំ​ស្វែងយល់​អំពី​វិស័យ​នយោបាយ​វប្បធម៌ នឹង​សេដ្ឋកិច្ច​របស់​ជនជាតិ​ដែល​រស់នៅ​ជិតខាង​របស់ខ្លួន​។ ដោយ​សំណេរ​ដៃ​ជា​លាយលក្ខណ៍អក្សរ ហើយ​ចាស់​ជាងគេ​បំផុត​របស់​ចិន​ស្តីពី​ជនជាតិ​បរទេស ជាពិសេស​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​ចារ​ឡើង​ក្នុង​រាជវង្ស​ហាន់ ខាងលិច យ៉ាន​ហាន​ស៊ូ ប្រមាណ​១០០​ឆ្នាំ មុន​គ​.​ស និង ១០០​ឆ្នាំ​នៃ​គ​.​ស​។​
​ឯកសារ​ចិន​ស្តីពី ប្រទេស​លង្កា​ស៊ូ​កា ចំណុះ​រដ្ឋ​ភ្នំ ឯកសារ​ចិន ស​.​វ​ទី ៦
​    ​គឺ​ដោយសារ​ឯកសារ​នេះហើយ បានជា​យើង​អាច​ដឹង​ជា​ប្រយោល​ថា ជនជាតិខ្មែរ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ចិន មុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច ហើយ​ដែនដី​ខ្មែរ​ពី​ដើម គឺជា​តំបន់​ឆ្លងកាត់ ឬ​ជា​ផ្លូវ​ក្រឡែង​កែង​វប្បធម៌ ដែលមាន​វប្បធម៌​ចម្រុះ​ពហុវប្បធម៌​។ សម្រង់​ព័ត៌មាន​ដែល​បានមកពី​ឯកសារ​ខាងលើ បង្ហាញ​ឲ្យ​យើង​ដឹងថា ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា ចាំបាច់​អ្នកដំណើរ​តាម​សមុទ្រ ដោយ​ឆ្លងកាត់​ទីប្រជុំជន​មួយចំនួន ដែល​សព្វថ្ងៃ​ស្ថិតនៅ​ក្នុងប្រទេស​ថៃ និង​វៀតណាម​ខាងត្បូង ក្រោយពី​ឱនភាព​នៃ​សម័យ​មហានគរ និង​ក្រោយ​អង្គរ​មក​។​
​    ​ការពិនិត្យ​ខ្លឹមសារ​នៃ​សំណេរ​ដៃ​ចិន កត់ត្រា​តាំងតែ ១០០​ឆ្នាំមុន​គ​.​ស បានផ្តល់​ឱកាស​ឲ្យ​យើង​ពិចារណា​ឡើងវិញ​អំពី​ចំណាស់​នៃ​សម្ព័ន្ធភាព មិន​គ្រាន់តែ​ចិន និង​ឥណ្ឌា​ទេ ក៏ប៉ុន្តែ​រវាង​ចិន និង​ខ្មែរ ឬក៏​ខ្មែរ និង​ឥណ្ឌា​ផងដែរ ដែល​បាន​ទាក់ទង​រកគ្នា ដោយ​មូលហេតុ​ផ្សេងៗ​យ៉ាងពិត​ប្រាកដ​។​
​    ​តាមរយៈ​វត្ថុ​បុរាណ​ចិន​មួយចំនួន​ដែល​បាន​ជួបប្រទះ យើង​ក៏​អាច​បញ្ជាក់​នូវ​ភាពត្រឹមត្រូវ​នៃ​សំណេរ​ទាំងនោះ​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ចិន​-​ខ្មែរ​ខាងលើ​នេះដែរ​។ តាមពិតទៅ​ផ្តើមចេញពី​រាជវង្ស​ហាន់​ទំនាក់ទំនង​នេះ មាន​លក្ខណៈ​ច្បាស់លាស់ និង​ពិស្តារ​ចាប់តាំងពី​ស​.​វ​ទី​១ រហូតដល់​បច្ចុប្បន្នភាព បើ​សំអាង​ប្រភព​ឯកសារ​ផ្សេងៗ​ដែលជា​រួមមាន​ទិន្នន័យ​ខាង​បុរាណវិទ្យា និង​លទ្ធផល​នៃ​ការជីក​រុករក​វត្ថុ​បុរាណ​នៅតាម​ស្ថានីយ​ផ្សេងៗ​ជាដើម​។​
​    ​ហេតុដែល​យើង​ចាប់អារម្មណ៍​លើ​ស្លាកស្នាម​វប្បធម៌​បុរាណ​ចិន គឺ​ដោយសារតែ​ចំណុច​នេះ មិនសូវ​ត្រូវបាន​គេ​លើក​យកមក​និយាយ​ឡើយ ហើយ​ជា​អ្វីមួយ​ដែល​ពុំបាន​ចែង ឬ​អធិប្បាយ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​
​    ​ម្យ៉ាងទៀត យើង​ចង់​បង្ហាញថា ការកត់ត្រា​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​ដោយ​ចិន ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ មាន​ភាពត្រឹមត្រូវ​ល្អ​មិន​ផ្ទុយ​និង​ទិន្នន័យ​ខាង​បុរាណវិទ្យា​នេះ​។ តាមពិត​នៅទីនេះ គឺ​យើង​ចង់​បញ្ជាក​ឲ្យ​ឃើញ​អំពី​សេចក្តី​សំខាន់​របស់​វត្ថុ​បុរាណ​ទាំងនោះ​ក្នុង​ការចង​ក្រប​ប្រវត្តិសាស្ត្រ​ខ្មែរ​តែប៉ុណ្ណោះ​៕ (​ម​.​ត្រា​ណេ​)