Search This Blog

Monday, February 11, 2013

សំណេរ​ចិន នា​សម័យ​ដំបូងបង្អស់​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ

​ទំនាក់ទំនង​រវាង​ចិន និង ខ្មែរ​បាន​ផ្តើមឡើង​តាំងពី​សម័យមុន​ប្រវត្តិសាស្ត្រ ពោលគឺ​តាំង​ពីមុន​ការបង្កើត​នៃ​រដ្ឋ​ហ្វូ​-​ណន​មកម្ល៉េះ ក៏ប៉ុន្តែ​ទើបតែ​មាន​សន្ទុះ​យ៉ាងខ្លាំង​ក្លា​បំផុត ចាប់តាំងពី​មុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច​តែប៉ុណ្ណោះ​។ ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា សំណេរ​ចិន​ស្តីពី​ប្រវត្តិសាស្ត្រ​ខ្មែរ ចែកចេញជា​ច្រើន​សម័យ​កាល តែ​ឯកសារ​សំខាន់​ជាងគេ ដែល​គេ​អាច​ចាត់ទុកថា ជា​មូលដ្ឋានគ្រឹះ គឺ​ស្ថិតនៅក្នុង​រាជវង្ស​ហាន់ ខាងលិច ប្រមាណ​ជា ១០០​ឆ្នាំ មុន​គ​.​ស និង ១០០​ឆ្នាំ នៃ​គ​.​ស និង​ក្នុងសម័យ​រាជវង្ស​វ៉ូ (២២០-២៨០​នៃ​គ​.​ស​)​
១- សម័យ​រាជវង្ស​ហាន់ ខាងលិច​
​សម័យនេះ គឺជា​សម័យមុន​ការបង្កើត​រដ្ឋ​ហ្វូ​-ណន​បន្តិច ហើយ​ជា​សម័យ​ចាស់​ជាងគេ​បំផុត​។ តាំងពី​អតីតកាល​ដ៏​យូរលង់​មក​មិន​ថា ក្នុង​បរិបទ​សង្គម​វប្បធម៌​ណា ឬ​រជ្ជកាល​របស់​ព្រះមហាក្សត្រ​អង្គណា​ទេ ជនជាតិ​ចិន​តែងតែ​ខិតខំ​ស្វែងយល់​អំពី​វិស័យ​នយោបាយ​វប្បធម៌ នឹង​សេដ្ឋកិច្ច​របស់​ជនជាតិ​ដែល​រស់នៅ​ជិតខាង​របស់ខ្លួន​។ ដោយ​សំណេរ​ដៃ​ជា​លាយលក្ខណ៍អក្សរ ហើយ​ចាស់​ជាងគេ​បំផុត​របស់​ចិន​ស្តីពី​ជនជាតិ​បរទេស ជាពិសេស​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា​ចារ​ឡើង​ក្នុង​រាជវង្ស​ហាន់ ខាងលិច យ៉ាន​ហាន​ស៊ូ ប្រមាណ​១០០​ឆ្នាំ មុន​គ​.​ស និង ១០០​ឆ្នាំ​នៃ​គ​.​ស​។​
​ឯកសារ​ចិន​ស្តីពី ប្រទេស​លង្កា​ស៊ូ​កា ចំណុះ​រដ្ឋ​ភ្នំ ឯកសារ​ចិន ស​.​វ​ទី ៦
​    ​គឺ​ដោយសារ​ឯកសារ​នេះហើយ បានជា​យើង​អាច​ដឹង​ជា​ប្រយោល​ថា ជនជាតិខ្មែរ​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ចិន មុន​សម័យ​ប្រវត្តិសាស្ត្រ​បន្តិច ហើយ​ដែនដី​ខ្មែរ​ពី​ដើម គឺជា​តំបន់​ឆ្លងកាត់ ឬ​ជា​ផ្លូវ​ក្រឡែង​កែង​វប្បធម៌ ដែលមាន​វប្បធម៌​ចម្រុះ​ពហុវប្បធម៌​។ សម្រង់​ព័ត៌មាន​ដែល​បានមកពី​ឯកសារ​ខាងលើ បង្ហាញ​ឲ្យ​យើង​ដឹងថា ដើម្បី​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌា ចាំបាច់​អ្នកដំណើរ​តាម​សមុទ្រ ដោយ​ឆ្លងកាត់​ទីប្រជុំជន​មួយចំនួន ដែល​សព្វថ្ងៃ​ស្ថិតនៅ​ក្នុងប្រទេស​ថៃ និង​វៀតណាម​ខាងត្បូង ក្រោយពី​ឱនភាព​នៃ​សម័យ​មហានគរ និង​ក្រោយ​អង្គរ​មក​។​
​    ​ការពិនិត្យ​ខ្លឹមសារ​នៃ​សំណេរ​ដៃ​ចិន កត់ត្រា​តាំងតែ ១០០​ឆ្នាំមុន​គ​.​ស បានផ្តល់​ឱកាស​ឲ្យ​យើង​ពិចារណា​ឡើងវិញ​អំពី​ចំណាស់​នៃ​សម្ព័ន្ធភាព មិន​គ្រាន់តែ​ចិន និង​ឥណ្ឌា​ទេ ក៏ប៉ុន្តែ​រវាង​ចិន និង​ខ្មែរ ឬក៏​ខ្មែរ និង​ឥណ្ឌា​ផងដែរ ដែល​បាន​ទាក់ទង​រកគ្នា ដោយ​មូលហេតុ​ផ្សេងៗ​យ៉ាងពិត​ប្រាកដ​។​
​    ​តាមរយៈ​វត្ថុ​បុរាណ​ចិន​មួយចំនួន​ដែល​បាន​ជួបប្រទះ យើង​ក៏​អាច​បញ្ជាក់​នូវ​ភាពត្រឹមត្រូវ​នៃ​សំណេរ​ទាំងនោះ​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​ចិន​-​ខ្មែរ​ខាងលើ​នេះដែរ​។ តាមពិតទៅ​ផ្តើមចេញពី​រាជវង្ស​ហាន់​ទំនាក់ទំនង​នេះ មាន​លក្ខណៈ​ច្បាស់លាស់ និង​ពិស្តារ​ចាប់តាំងពី​ស​.​វ​ទី​១ រហូតដល់​បច្ចុប្បន្នភាព បើ​សំអាង​ប្រភព​ឯកសារ​ផ្សេងៗ​ដែលជា​រួមមាន​ទិន្នន័យ​ខាង​បុរាណវិទ្យា និង​លទ្ធផល​នៃ​ការជីក​រុករក​វត្ថុ​បុរាណ​នៅតាម​ស្ថានីយ​ផ្សេងៗ​ជាដើម​។​
​    ​ហេតុដែល​យើង​ចាប់អារម្មណ៍​លើ​ស្លាកស្នាម​វប្បធម៌​បុរាណ​ចិន គឺ​ដោយសារតែ​ចំណុច​នេះ មិនសូវ​ត្រូវបាន​គេ​លើក​យកមក​និយាយ​ឡើយ ហើយ​ជា​អ្វីមួយ​ដែល​ពុំបាន​ចែង ឬ​អធិប្បាយ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​
​    ​ម្យ៉ាងទៀត យើង​ចង់​បង្ហាញថា ការកត់ត្រា​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​ដោយ​ចិន ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ មាន​ភាពត្រឹមត្រូវ​ល្អ​មិន​ផ្ទុយ​និង​ទិន្នន័យ​ខាង​បុរាណវិទ្យា​នេះ​។ តាមពិត​នៅទីនេះ គឺ​យើង​ចង់​បញ្ជាក​ឲ្យ​ឃើញ​អំពី​សេចក្តី​សំខាន់​របស់​វត្ថុ​បុរាណ​ទាំងនោះ​ក្នុង​ការចង​ក្រប​ប្រវត្តិសាស្ត្រ​ខ្មែរ​តែប៉ុណ្ណោះ​៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment