Search This Blog

Tuesday, February 12, 2013

​ប្រភព​អង្គរ​នៃ​ត្រដោក​គោក្របី​បច្ចុប្បន្ន​




​    ​ធ្វើ​អំពី​ឈើខ្លឹម ហើយ​មាន​រាង​ចតុកោណព្នាយ ផ្នែក​ខាងលើ​មាន​រាង​អ៊ែន​ជាង​ផ្នែក​ខាងក្រោម ឧបករណ៍​នេះ​បញ្ចេញ​សូរ ធ្វើឡើង​ដើម្បី​បំពាក់​ក​គោ ឬ​ក្របី​។ ផ្នែក​ខាងក្រោម​ត្រដោក​មាន​ចោះ​រន្ធ ៤ សម្រាប់​ខ្សែ​ចង​ព្យួរ រីឯ​ប្រអប់​ត្រដោក ដែល​បានមកពី​ការ​ឆ្វៀល​ជា​ប្រហោង គេ​ឃើញ​មានកូន​យោល​ធ្វើ​អំពី​ឈើ បួន​ដង្ហែរ​គ្នា ។ នៅពេលដែល​សត្វ​គោ​ឬ​ក្របី ធ្វើ​ចលនា​ដើរ​ឡើង​ចុះ​ម្តងៗ កូន​យោល​ប៉ះទង្គិច​គ្នា ហើយ​បញ្ចេញ​ជា​សូរសម្លេង ។​


ត្រដោកសំរិទ្ធិខេត្តសៀមរាប សារមន្ទីរជាតិពន្ធុវិទ្យាទួលគោក និងដីដុត, កម្មសិទ្ធឯកជន (ថត ២០០០)

​    ​នា​សម័យអង្គរ ក៏មាន​ការប្រើ​ត្រដោក​ដែរ ប៉ុន្តែ​នៅ​សម័យ​នោះ គេ​ទំនងជា​ប្រើ​ត្រដោក​ធ្វើ​អំពី​សំរឹទ្ធិ​ច្រើន ព្រោះ​ការប្រើ​ដោយ​ពុម្ព មាន​ភាពងាយស្រួល​ជាង​ការ​ឆ្វៀល​ឈើ ។ វត្តមាន​របស់​ត្រដោក​មួយចំនួន​ធ្វើ​អំពី​សំរឹទ្ធិ ដែល​គេ​បាន​រកឃើញ​ក្នុងភូមិ​ភាគ​មួយ ដែល​លាតសន្ធឹង​ពី​តំបន់​នគររាជ​សីមា និង​សៀមរាប​អង្គរ គឺជា​តឹកតាង​ធ្វើ​ឲ្យ​យើង​បាន​ស្គាល់​ពី​ចំណាស់ នៃ​ឧបករណ៍ប្រើប្រាស់​ទាំងនោះ ។​

ត្រដោកដីដុត និងមានចារសិលាចារឹកអក្សរខ្មែរ ខេត្តបុរីរម្យ (ឯកសារនាយកដ្ឋានវិចិត្រសិល្បៈថៃ)

​    ​ដូច​សព្វថ្ងៃ នៅក្នុង​តំបន់​ទាំងនោះ គេ​តែងតែ​ប្រើ​ត្រដោក​គោ​និង​ក្របី ដែលមាន​តាំងពី​បុរាណកាល​រហូតដល់​បច្ចុប្បន្ន ។ នៅ​ខេត្ត​បុរីរម្យ គេ​ក៏បាន​រកឃើញ ត្រដោក​មួយចំនួន​ធ្វើ​អំពី​ដី​ដុត ដែលជា​ហេតុ​ធ្វើ​ឲ្យ​យើង​សន្មត​ថា ជា​ឧបករណ៍​សម្រាប់​ក្មេង​លេង ។​
​    ​បានជា​យើង​សន្និដ្ឋានថា ត្រដោក​ខ្មែរ​មាន​ប្រភព​ចេញពី​សម័យអង្គរ ពីព្រោះ​យើង​បាន​រកឃើញថា ត្រដោក​គោ​និង​ក្របី ដែល​ខ្មែរ​កំពុង​ប្រើប្រាស់​មិនបាន​ផ្លាស់ប្តូរ​ទម្រង់​ឡើយ ក្នុងអម្លុង ១.០០០​ឆ្នាំ​ចុង​ក្រោយនេះ ៕ (​ម​.​ត្រា​ណេ​)​

No comments:

Post a Comment